អាជ្ញាធរខេត្តប៉ៃលិន ជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានាក្នុងការកសាងផ្លូវឱ្យបានឆាប់រហ័ស


ត្រលប់ក្រោយ

04/07/23 14:38 PM

ចំនួនទស្សនា៖

197

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការកាយបើកផ្លូវប្រវែងជាង២០០ម៉ែត្រ ទទឹង៨ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរចេញចូល នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពួកគាត់ជួបការលំបាកជាច្រើនឆ្នាំមកហើយ។


ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនគ្រប់វិស័យ តាមរយៈការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវស្ថិរភាពសង្គម សុខសន្តិភាព និងអធិបតេយ្យជាតិជាដើម ។


ឯកឧត្តមប្រធាន បានមានប្រសាសន៍ឱ្យដឹងថា៖ ការបើកផ្លូវ០១ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការកសាងផ្លូវនេះឱ្យបានឆាប់រហ័ស ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។


សូមបញ្ជាក់ថា៖ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួល ភូមិកំពង់ចម្លងក្រោម នៃឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៣.៦១៨ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ១.១១២នាក់ ស្មើនឹង ២១៨គ្រួសារ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងមង្គលបូរីជាខ្សែព្រំប្រទល់រដ្ឋបាល៕



dd
Bottom Ad