កម្ពុជា-អាម៉េរិកបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅបង្កើនទំហំពាណិជ្ជកម្ម វិនិយោគទុន និងបង្កើតឱកាសការងារបន្ថែមទៀត


ត្រលប់ក្រោយ

06/07/23 09:53 AM

ចំនួនទស្សនា៖

234

ប្រភព៖

ភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ឯកឧត្តម ផាទ្រីក មូរហ្វ៉ី (W.Patrick Murphy) បានបង្ហាញពីការកត់សម្គាល់នូវវឌ្ឍនភាពនៃការស្តារឡើងវិញយ៉ាងឆាប់រហ័សនូវសេដ្ឋកិច្ចកម្ពុជា អាស្រ័យការគ្រប់គ្រង់បានយ៉ាងល្អនូវជំងឺកូវីដ-១៩ អត្រានៃការវ៉ាក់សាំងខ្ពស់ ដែលធានាឱ្យមានការបើកដំណើរការសង្គម សេដ្ឋកិច្ចឡើងវិញបានពេញលេញយ៉ាងឆាប់រហ័ស។


ជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវ: សិទ្ធការងារ និងការផ្តល់នូវកិច្ចគាំពារសង្គម តាមរយ:កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាំងនេះសុទ្ធតែជាកត្តាទាក់ទាញ់វិនិយោគទុន និងការបញ្ជាទិញទំនិញពីកម្ពុជាទៅទីផ្សារសហរដ្ឋអាម៉េរិក បើទោះជានៅមានកង្វល់ និងបញ្ហាសេសសល់ខ្លះដែលភាគីទាំងពីរកំពុងរួមគ្នាក្នុងការស្វែងរកដំណោះស្រាយក៏ដោយ។


ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ផាទ្រីក មូរហ្វ៉ី នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។


ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ដែលបានលើកឡើងពីវឌ្ឍនភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដែលជំរុញឱ្យការបញ្ជាទិញពីទីផ្សារសហរដ្ឋអាម៉េរិកកាន់តែមានកំណើន កំណើននេះគឺកើនទាំងបរិមាណផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ទំហំពាណិជ្ជកម្ម និងបន្ថែមនូវការនាំចេញផលិតផលកាបូប និងសម្ភារធ្វើដំណើរទៀតផង។


កម្ពុជាបានខិតខំទាញបានផលប្រយោជន៍ពីពាណិជ្ជកម្មកម្ពុជា-អាម៉េរិក បានចំណាត់ថ្នាក់ជាប្រទេសទី៤ ដែលនាំចេញទៅទីផ្សារអាម៉េរិក និងជាប្រទេសចំណាត់ថ្នាក់ទី៣ ដែលទទួលអត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ពីសហរដ្ឋអាម៉េរិក។


នាជំនួបនោះផងដែរ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសំដៅពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា-អាម៉េរិកឱ្យកាន់តែមានលក្ខណ:គ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនវិនិយោគទុនរបស់ខ្លួននៅកម្ពុជាក្នុងវិស័យជាច្រើនទៀត។

ទន្ទឹមនឹងនេះភាគីទាំងពីរ បានពិភាក្សាលើអនុសាសន៍មួយចំនួន ដូចជាករណីពលកម្មកុមារ អំពើជួញដូរមនុស្ស ការធ្វើអធិការកិច្ចទីភ្នាក់ងារបញ្ជូនពលករ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ការធានានិរន្តរភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការបន្តធ្វើឱ្យប្រសើរឡើងនូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: និងបន្តអនុលោមភាពស្របតាមបទដ្ឋានការងារអន្តរជាតិដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។


ភាគីអាម៉េរិកនឹងផ្តល់កិច្ចសហប្រតិបត្តិការជាច្រើនទៀត ពិសេសលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕



dd
Bottom Ad