07/07/23 09:50 AM
ក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ក្រោមអធិបតីភាពឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្រុក នាយកសាខាកាកបាទក្រហមខេត្ត អង្គការដៃគូពាក់ព័ន្ធ និងមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។
លោក ទីវ សុផែន បានធ្វើបទបង្ហាញអំពីសេចក្ដីព្រាងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ដែលទម្រង់នៃផែនការទាំងពីរនោះ គឺរៀបចំឡើងស្របតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានប្រមូលធាតុចូលពីគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក និងអង្គការពាក់ព័ន្ធក្នុងខេត្ត។
ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអង្គភាព ក្រុងស្រុក អង្គការដៃគូ និងមន្ត្រីលេខាធិការដ្ឋានខេត្ត ដែលបានផ្ដល់ធាតុចូលយ៉ាងមានសារៈសំខាន់ទៅក្នុងផែនការ សំដៅរួមគ្នាកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមអភិបាលរងខេត្ត បានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ សូមជួយពិនិត្យ និងផ្ដល់យោបល់បន្ថែមទៅលើសេចក្ដីព្រាងផែនការបន្ថែមទៀត មុននឹងខេត្តដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការ។ ការពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការនេះ ត្រូវធានាថាមុនពេល និងក្នុងពេលគ្រោះមហន្តរាយ គឺយើងមានធនធាន និងមធ្យោបាយគ្រប់គ្រាន់ ឆ្លើយតបសង្គ្រោះបន្ទាន់បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តម អភិបាលរងខេត្តបានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្រ្តីលេខាធិការក្រុង ស្រុក ប្រើប្រាស់ប្រព័ន្ធPRISM និងចុះត្រួតពិនិត្យទីទួលសុវត្ថិភាពបានច្បាស់លាស់ មន្ទីរអង្គភាពនិងអង្គការដៃគូរដើម្បីឆ្លើយតបស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។