14/07/23 12:21 PM
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បានអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨។
វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោឥ និងរង្វង់មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីរីករាយជាអនេក ដែលបានមកចូលរួម ពិធីសម្ពោធ“វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាម លោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ ឆ្នាំ១៩១៨” ដែលខ្ញុំ បាន ប្រកាស ជាសាធារណៈ អំពីការសម្រេចចិត្តសាងសង់ វិមាន នេះឡើងវិញ ក្នុងសន្និសីទ សារព័ត៌មាន រួមគ្នាមួយ នៅវិមានអេលីហ្សេ (Elys-e) ជាមួយឯកឧត្តម អេមម៉ានូអែលម៉ាក្រុង (H.E. Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងដំណើរ ទស្សនកិច្ច របស់ខ្ញុំ កាលពីថ្ងៃទី១៣ ខែ ធ្នូឆ្នាំ ២០២២ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសយើងទាំង២ បារាំង-កម្ពុជា ។
ការសម្ពោធនូវវិមាននេះ ធ្វើឡើងចំថៃ្ងនៃបុណ្យជាតិបារាំង ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមចូលរួម អបអរសាទរ។
សម្តេចតេជោសូមយកឱកាសនេះ ថ្លែងអំណរគុណឯកឧត្តមឧបនាយក- រដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែល បាន ស្នើមកខ្ញុំ ដើម្បី សាងសង់ វិមាន នេះឡើងវិញ នៅលើទីតាំង ដដែល ដោយយកតាម លំនាំដើម របស់លោក ប៉ូល ឌុយក្វាំង (Paul Ducuing) ដែលជាអ្នករចនា វិមាន នេះ កាលពីឆ្នាំ ១៩២៥ ។ ការសាងសង់ វិមាន នេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែល ជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃ ព្រះរាជា- ណាចក្រកម្ពុជា ដែលមានវ័យចំណាស់៥៨៩ ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្ត ប្រកបដោយមោទនភាពជាមួយនឹង បេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់ ។
ជាការពិត ប្រជាជាតិខ្មែរមានប្រវត្តិដ៏យូរលង់ និងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបារាំង និងខ្មែរតាមរយៈ កិច្ចខិតខំ ប្រឹងប្រែងនិងការយកចិត្តទុកដាក់ របស់បារាំងលើវិស័យចំនួន ៥ គឺទ័ពជើងទឹក ទ័ពជើងគោក រដ្ឋបាល ការទូត និងបញ្ញវន្ត ។ សាមគ្គីភាពបារាំង-ខ្មែរកាន់តែរីកចម្រើនជាមួយនឹងការជួយគ្នាទៅវិញទៅមក ពិសេសក្នុងអំឡុងសង្គ្រាមលោកលើកទី ១ ឆ្នាំ ១៩១៤ ។ សម្តេចបន្តថា នៅដើមឆ្នាំ ១៩១៦ រាជការបារាំងបានអំពាវនាវរកអ្នកស្ម័គ្រចិត្តខ្មែរ ដើម្បីចូលរួមជាមួយកងទ័ពបារាំង ធ្វើសង្រ្គាមប្រឆាំង ពួកអាល្លឺម៉ង់ ហើយបានចេញព្រះរាជប្រកាសជាច្រើន ដែលបាន បិទផ្សាយនៅគ្រប់ភូមិស្រុកក្នុងប្រទេសកម្ពុជា ។ ក្នុងដំណើរការជ្រើសរើសអ្នកស្ម័គ្រចិត្តប្រយុទ្ធនៅក្នុងសង្រ្គាមបារាំង-អាល្លឺម៉ង់ ព្រះសង្ឃខ្មែរក៏បាននិមន្តចូលរួមផងដែរ ចំណែកព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះស៊ីសុវត្ថិ ព្រះអង្គបានយាងទៅជ្រើសរើសអ្នកស្ម័គ្រចិត្តជាទាហានប្រយុទ្ធ និងទាហានជាងចំនួន ២ លើក បានចំនួន៥១៦ នាក់ ចេញពីខេត្តព្រៃវែង ខេត្តបាភ្នំ ខេត្តពារាំងខេត្តស៊ីធរកណ្តាល ខេត្តល្វាឯម ខេត្តរំដួល ខេត្តស្វាយទាប និង ខេត្តរមាសហែក ។ ព្រះបាទព្រះស៊ីសុវត្ថិ ព្រះអង្គបានបញ្ចូនអ្នកអង្គម្ចាស់មួយចំនួនទៅច្បាំងនៅប្រទេសបារាំង ពេលនោះ មានអ្នកអង្គម្ចាស់ ២ អង្គ បានសុគតនៅក្នុងសង្រ្គាម ហើយបានបង្កើតជាកម្លាំងចលករ ធ្វើឱ្យប្រជារាស្ត្រខ្មែរជាច្រើននាក់ បានយកតម្រាប់តាមព្រះអង្គដោយស្ម័គ្រចិត្តចូលធ្វើទាហានប្រយុទ្ធ និង ទាហានជាង នៅក្នុងសង្គ្រាមនោះដែរ ។ ស្មារតីកិច្ចសហប្រតិបត្តិការបារាំង-ខ្មែរនាពេលនោះកាន់តែស្អិតរមួត កម្ពុជាបានខិតខំបង្កបង្កើនផលស្រូវ ពោត ល្ង និងភោគផលកសិកម្មផ្សេងទៀត ដើម្បីបញ្ជូនទៅជួយឧបត្ថម្ភប្រទេសបារាំង ដែល កំពុងត្រូវការស្បៀងអាហារជាបន្ទាន់ក្នុងសង្រ្គាម ៥០ ខែ រវាងបារាំង និងអាល្លឺម៉ង់ ។
សម្តេចតេជោ ហ៊ុន សែន មាន ប្រសាសន៍ថា ឥទ្ធិពលនៃសុខសន្តិភាពបានធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបាន សមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ ជាពិសេស ការធានាការពារ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសណ្ដាប់ ធ្នាប់សង្គម ការរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់តាមបែប ប្រជាធិបតេយ្យ តាម រយៈការអនុវត្តន៍នយោបាយ ការបរទេស ដោយឯករាជ្យ ផ្អែក លើច្បាប់និង ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈ កម្ពុជា ជាប្រធានអាស៊ាន ។ ពេលកន្លងទៅថ្មីៗនេះកម្ពុជាបានធ្វើជាម្ចាស់ ផ្ទះ នៃ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡា អាស៊ាន ប៉ារ៉ាហ្គេម លើក ទី ១២ ប្រកប ដោយ ជោគជ័យ ត្រចះត្រចង់ ដោយបានផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទៅទូទាំងតំបន់ និងពិភពលោក ជាពិសេសបង្ហាញអំពីសក្តានុពល និងកិត្យានុភាព កម្ពុជាក្នុងការរៀបចំពិធីជាលក្ខណៈអន្តរជាតិបានពេញលេញប្រកបដោយថាមពល និងមានសុវត្ថិភាពនៅក្នុងបាវចនា “កីឡារស់ ក្នុងសន្តិភាព” “សន្តិភាពដើម្បីទាំងអស់គ្នាទាំងអស់គ្នា ដើម្បីសន្តិភាព” ។
សម្តេចតេជោបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ក្នុងនោះបណ្តាញផ្លូវក្រុង សួន និងសំណង់សាធារណៈ រួមមានសំណង់បេតិកភណ្ឌ សំណង់ ប្រវត្តិសាស្រ្ត និងទីតាំងបុរាណនានា ដោយបានរំលេចនូវវប្បធម៌ ប្រពៃណី និងអរិយធម៌ ជា មួយនឹងការការពារ ការអភិរក្ស និងការ ស្ថាបនា ឡើងវិញនូវរូបសំណាកបដិមា ឬ សំណង់បេតិកភណ្ឌវប្បធម៌ នៅតាមសួន និងទីតាំងសាធារណៈ ។ ដោយឡែកពេលនេះ រាជរដ្ឋាភិបាលសម្រេចបានការ សាងសង់ឡើងវិញនូវ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី ១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ១៩១៨” ដែលបាន សាងសង់ដោយ អាណាព្យាបាល បារាំង កាលពី ឆ្នាំ ១៩២៥ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង ក្នុងរាជធានីភ្នំពេញ ហើយដែលស្ថាបត្យកម្មនេះ ត្រូវបានបំផ្លាញ ចោលដោយ របបកម្ពុជា ប្រជាធិបតេយ្យ នៅអំឡុង ឆ្នាំ១៩៧៥ ។
ជាមួយនេះ ការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធ យុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង ១៩៨ នាក់ ដែល បាន ពលីជីវិត ក្នុង សង្រ្គាមលោក ចន្លោះពីឆ្នាំ ១៩១៦ ដល់ឆ្នាំ ១៩១៨ គឺជាការ ដាស់ តឿន កុលបុត្រខ្មែរ ដែលជាទំពាំងស្នងឫស្សីគ្រប់រូប ឱ្យស្គាល់តម្លៃនៃសន្តិភាព ដែល ជាគុណតម្លៃ សកលនៃមនុស្សជាតិ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បី ទប់ស្កាត់នូវគ្រប់ឧបាយកល ដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឱ្យនៅស្ថិតស្ថេរយូរអង្វែង ច្រើនជំនាន់ តរៀងទៅដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសជាតិយើង ។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមប្រគល់ សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះជូន រដ្ឋបាល រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និង ថែរក្សាហើយវិមាន នេះ នឹងបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ ។ ជាមួយនេះ សម្តេចក៏បានផ្តល់ ការអនុញ្ញាត ជូន ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងទុកជាប្រយោជន៍ ក្នុងការប្រើប្រាស់ វិមាន នេះ ដើម្បី រៀបចំពិធី រំលឹក ខួប អនុស្សាវរីយ៍ ថ្ងៃ បញ្ចប់ សង្រ្គាម លោកលើកទី ១ និងពិធីផ្សេងៗទៀតផងដែរ ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន សុំយកឱកាសនេះ អំពាវនាវ បងប្អូនជនរួមជាតិសូម អញ្ជើញទៅ បោះឆ្នោត ឱ្យ បាន គ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេស ដែលបងប្អូនស្រឡាញ់ពេញចិត្ត និង ជឿជាក់ ថាពិតជាគណបក្សដែលដឹកនាំធ្វើឱ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនាគ្រប់ជាតិសាសន៍មានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងភាពសម្បូរសប្បាយរុងរឿង ជូនប្រទេសជាតិ និងប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត៕