18/07/23 13:33 PM
(ខេត្តស្វាយរៀង): ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានអញ្ជើញបើកការដ្ឋានកសាងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលមានប្រវែងសរុប ១,៨៥០ម៉ែត្រ ដែលជាអំណោយ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទុកជាអនុស្សាវរីយ៍ និងចំណងដៃជូនដល់អ្នកភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោកអភិបាលស្រុករមាសហែក លោកប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត លោកអធិការនគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកស្រីមេឃុំអណ្ដូងត្របែក តំណាងក្រុមហ៊ុនសាងសង់ផ្លូវ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត។
ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា បានពាំនាំនូវកាផ្តាំផ្ញើសាកសួរសុខទុកសេចក្ដីនឹករលឹក ពីសំណាក់សម្ដេច
កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលជានិច្ចជាកាលសម្តេចកិត្តិសង្គហបណ្ឌិត និងឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ដែលតែងតែ គិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋ យើងទាំងសេវាសំណូមពរ និងសេវាតម្រូវការនេះតែម្ដង ។
ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមគោលនយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួល បាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តស្វាយរៀង ក៏ដូចជាស្រុករមាសហែក ធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជាក់ស្តែង នៅថ្ងៃនេះបានបើកការបើកការដ្ឋានកសាងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែងសរុប ១,៨៥០ម៉ែត្រ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នេះក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងឃុំឱ្យបានកាន់តែល្អប្រសើរឡើង។
ឯកឧត្តមបណ្ឌិត បានសំណូមពរដល់បងប្អូន ទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈ ដែលជា អំណោយរបស់ឯកឧត្តម បណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ជាពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថា ការកសាងនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាសរុប ៣៨,៥៥៩.៦០ដុល្លា (សាមសិបប្រាំបីពាន់ ប្រាំរយហាសិបប្រាំបួន ដុល្លាអាមេរិក និងហុកសិបសេន) ម្យ៉ាងទៀតប្រជាពលរដ្ឋ ដែលនៅរស់នៅសងខាងផ្លូវកំពុង កសាងមេត្តាយោគយល់ និងអធ្យាស្រ័យព្រមទាំង ចូលរួមសហការ ជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ក៏សូមសំណូមពរដល់ បងប្អូន អុំ ពូ មីង លោកតា លោកយាយ ដែលបានចូលរួមនៅទីនេះ ត្រូវស្រលាញ់ និងថែរក្សាឱ្យបាននូវសន្តិភាព ស្ថេរភាព និងត្រូវធ្វើជាប្រជាពលរដ្ឋគំរូ ក្នុងសង្គម នាពេលខាងមុខសូមបងប្អូន យើងគ្រប់គ្នាចូលរួមក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីសម្តែងឱ្យ ឃើញនូវ ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងសូមបងប្អូនអញ្ជើញទៅបោះឆ្នោតគាំទ្រដល់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងនីតិកាលបន្តបន្ទាប់ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕ ដោយ:PK