ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅស្រុកខ្សាច់កណ្ដាល ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល


ត្រលប់ក្រោយ

20/07/23 09:46 AM

ចំនួនទស្សនា៖

207

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំមន្ត្រីប្រតិបត្តិសាខា ដោយមានការចូលរួមពីអាជ្ញាធរស្រុកខ្សាច់កណ្ដាល បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ២គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។


មានប្រសាសន៍នាឱកាសនោះដែរ លោក ទៀង សុគន្ធ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។


លោកនាយកសាខា បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។


ក្នុងឱកាសនេះដែរ លោកនាយកសាខា បានសម្ដែងនូវការសោកស្ដាយ និងអាណិតអាសូរជាពន់ពេក ចំពោះឧបទ្ទវហេតុដែលយើងទាំងអស់គ្នាមិនចង់ឱ្យកើតមានឡើងនៅលើខ្លួនយើងទាំងអស់គ្នាឡើយ។ ជាមួយគ្នានេះផងដែរលោកនាយកសាខា ក៏បានជំរុញ និងលើកទឹកចិត្តដល់ជនរងគ្រោះ ទាំង២ គ្រួសារ សូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតឡើយ សូមបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារយើងជាប្រចាំថ្ងៃ។


សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោងប្រមាណ ១០:៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង បណ្ដាលមកពីផ្ទុះសេរខ្សែភ្លើង បានធ្វើឱ្យខូចខាតផ្ទះទំហំ ៩m X ១២m ធ្វើអំពីឈើលើ ជញ្ជាំសង្សី ដំបូលប្រក់សង្សីខូចខាតឆេះអស់ទាំងស្រុង និងផ្ទះ១ទៀត ឆេះដំបូលទាំងស្រុង។


អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ២គ្រួសារ ដោយ១ គ្រួសារទទួលបាន៖ អង្ករ ៥០ គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ត្រីខ ៥យួរ, ទឹកត្រី ១យួរ, ក្រមា ១, ឃីត តូច ១ កញ្ចប់, សម្ភារៈផ្ទះបាយ ១ឈុតធំ, តង់កៅស៊ូ ១ថ្ទាំង។ ក្នុងនោះគ្រួសារដែលរងគ្រោះដោយឆេះផ្ទះទាំងស្រុងទទួលបានថវិកា ១លានរៀល និងគ្រួសារដែលរងគ្រោះដោយភ្លើងឆេះដំបូលទទួលបានថវិកា ៦០ ម៉ឺនរៀល។



dd
Bottom Ad