27/07/23 10:58 AM
ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំ ប្រឹងប្រែងបំពេញកាតព្វកិច្ចថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ អធិបតេយ្យ បូរណភាពទឹកដីនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន និងបានប្រែក្លាយខ្សែបន្ទាត់ព្រំដែន ទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ មានលំហូរទីផ្សារដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងការកោតសរសើរបែបនេះ ក្នុងឱកាសនោះដែលឯកឧត្ដម អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលការពារ ព្រំដែន៦០៥ និងកងការពារព្រំដែន៦០១ នៅទីបញ្ចាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៥ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្ដម អភិបាលខេត្ត បន្តថា កត្តាដែល ព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ គឺយើងមិនភ្លេចបានពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ ដែលតែងបានបូជាសាច់ស្រស់ ឈាមស្រស់ ហ៊ានធ្វើពលីកម្មដល់ជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម របស់ខ្លួនក្នុងបុព្វហេតុដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ដំណាក់កាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅគ្រប់កាលៈទេសៈ តែងទ្រទ្រង់ថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាព ជាតិ និងសណ្ដាប់ធ្នាប់សង្គម ដែលស័ក្តិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់កងកម្លាំងប្រដាប់អាវុធ ពិសេសកងកម្លាំងការពារនៅតាមខ្សែបន្ទាត់ព្រំដែន រួមជាមួយអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ជាប់ព្រំប្រទល់ប្រទសវៀតណាម បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ បទប្បញ្ញត្តិ សេចក្ដីណែនាំរបស់ថ្នាក់ជាតិ ជា ពិសេសគឺបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្តអនុវត្តសារាចរណែនាំរបស់ រាជរដ្ឋាភិបាល ស្តីពីហាមប្រជាពលរដ្ឋមិនអោយលក់ ឬជួលដីស្រែចំការ ឬដីលំនៅដ្ឋាន នៅតាមតំបន់ព្រំដែនអោយប្រជាពលរដ្ឋប្រទេសជិតខាង និងត្រូវធ្វើជំរឿនឱ្យច្បាស់លាស់ អ្នកដែលមានក្បាលដីជាប់ខ្សែព្រំដែន។ បន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងផែនការកិច្ចសហប្រតិបត្តិការ បង្ការប្រឆាំងរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បាននាំយកនូវគ្រឿងឧបភោគដល់ កងកម្លាំងនគរបាលការពារ ព្រំដែន៦០៥ នូវ អង្ករ ៥តោន, ត្រីខ ៥០យួរ, មី ៣០កេសតូច, ទឹកត្រី ២០យួរ, ត្រីងៀត ៥គីឡូ និងថវិកាមួយចំនួន ព្រមទាំងកងការពារព្រំដែន៦០១ នូវអង្ករ ៣តោន, ត្រីខ ៣០យួរ, មី ២០កេសតូច, ទឹកត្រី ១៥យួរ, ត្រីងៀត ៥គីឡូ និងថវិកាមួយចំនួនផងដែរ។