ខេត្តបន្ទាយមានជ័យ រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៧


ត្រលប់ក្រោយ

08/08/23 11:23 AM

ចំនួនទស្សនា៖

233

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០៧ ខែសីហាឆ្នាំ ២០២៣ បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ នៅភោជនីយដ្ឋានស្ទឹងសែន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។


លោក យ៉ង់ សក្ដិ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានឲ្យដឹងថា៖ យោងតាមរបាយការណ៍ស្ដីពីស្ថិតិប្រជាពលរដ្ឋ ប៉ាន់ស្មានសម្រាប់ការបម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ នឹងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ដែលទទួលបានពីរដ្ឋបាល ឃុំ សង្កាត់ ទាំង ៦៧ ដោយមានប្រជាពលរដ្ឋសរុបចំនួន ៨០៨,០២៨នាក់ ស្រី ៤០៦,៩៣៨នាក់ ប្រជាពលរដ្ឋមានអាយុ ១៨ ឆ្នាំឡើងមានចំនួន ៥៤១,៤៧៧នាក់ ស្រី ២៧០,៨៥៩នាក់ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការសរុបចំនួន ៤៣១,៧៧៥នាក់។


លោក យ៉ង់ សក្ដិ បានបន្តថា៖ មុនការបោះឆ្នោតនិងក្រោយការបោះឆ្នោតគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានធ្វើការទំនាក់ទំនងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានអនុវត្តយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ ខ្ពស់លើការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការបោះឆ្នោតក្នុងបរិយាកាសល្អស្ងប់ស្ងាត់ អព្យាក្រិតនិងយុត្តិធម៌សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ បានល្អប្រសើរ។ ជាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ សម្រាប់ខេត្តបន្ទាយមានជ័យ គឺមានគណបក្សនយោបាយចូលរួមចំនួន ១១ គណបក្ស និងការបែងចែកចំនួនអសនៈ គឺគណបក្សប្រជាជនកម្ពុជាទទួលបានអសនៈក្នុងរដ្ឋសភាចំនួន ៦ អសនៈលើ ៦ អសនៈ។


ថ្លែងក្នុងឱកាសនោះ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ដោយមានបទពិសោធពីការបោះឆ្នោតកន្លងមក និងមន្ត្រីគ្រប់លំដាប់ថ្នាក់មានការយល់ដឹងច្បាស់អំពីតួនាទី ភារកិច្ច ច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនិងក្រមសីលធម៌ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានចាត់ចែង រៀបចំ និងគ្រប់គ្រងដំណើរការការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ឱ្យប្រព្រឹត្តទៅដោយរលូន គ្មានការរារាំង គ្មានការគំរាមគំហែង គ្មានអំពើហិង្សា ឬបញ្ហាអសន្តិសុខណាមួយកើតឡើងនោះទេ។ មួយវិញទៀតដោយមានកិច្ចសហការល្អនិងចូលរួមយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណបក្សនយោបាយយោគយល់អធ្យាស្រ័យគ្នា មានភាពចាស់ទុំផ្នែកនយោបាយ និងការយល់ដឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងបានចូលរួមបោះឆ្នោតច្រើនកុះករធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ប្រព្រឹកទៅក្រោមបរិយាកាសល្អ និងប្រកបដោយសន្តិសុខ សុវត្ថិភាពខ្ពស់។


លោកអភិបាលរងខេត្តបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តខ្ញុំមានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា ការបោះឆ្នោតនៅអាណត្តិក្រោយៗ នឹងប្រព្រឹត្តទៅកាន់តែប្រសើរថែមទៀតទាំងផ្នែកបច្ចេកទេសបោះឆ្នោត ការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ និងមានការចូលរួមច្រើនពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងរក្សាបាននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យ៉ាងពិតប្រាកដ ៕ ណុប-រក្សា(២៩០១៦)





dd
Bottom Ad