អភិបាលក្រុងបាវិត៖ វេទិកាសាធារណៈ បើមានប្រជាពលរដ្ឋចូលរួមបានច្រើន អាជ្ញាធរនិងក្តាប់បានបញ្ហា ការសំណូមពរនៅមូលដ្ឋាន ដើម្បីជាធាតុផ្សំមួយ ក្នុងការដោះស្រាយបានទាន់ពេលវេលា


ត្រលប់ក្រោយ

10/08/23 08:57 AM

ចំនួនទស្សនា៖

154

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០២៣ លោកលឹម សៀងហេងអភិបាលក្រុងបាវិត បានថ្លែងទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងវេទិកាសាធារណៈបានបញ្ជាក់ថា រាល់វេទិកាសាធារណៈ បើមានបងប្អូនប្រជាពលរដ្ឋចូលរួមបានច្រើនកុះករ អាជ្ញាធរនិងបានក្តាប់នូវបញ្ហា ការសំណូមពរនានា របស់ពលរដ្ឋ ដែលជាធាតុផ្សំមួយឲ្យអាជ្ញាធរ ចូលរួមដោះស្រាយបានទាន់ពេលវេលានិងមានប្រសិទ្ធភាព តម្លាភាពផងដែរ។


លោកថា មានតែពលរដ្ឋនៅមូលដ្ឋានទេ ដែលមានទុកកង្វល់នានា ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ ដូច្នេះ រាជរដ្ឋាភិបាលបានឲ្យបង្កើតឲ្យមានកម្មវិធីវេទិកាសាធារណៈ ដើម្បីឲ្យពលរដ្ឋបានចូលរួមឲ្យបានច្រើន លើកជាការសំណូមពរនិងកង្វល់នានា ធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ។


លោកបានបន្តថា ពលរដ្ឋ កុំខ្លាចអាជ្ញាធរនិងសមត្ថកិច្ច គឺត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា ដូចជាការ គោរពច្បាប់ចរាចរណ៍ផ្លូវគោក កុំបើកបរបញ្ច្រាសទិស បើកបរត្រូវប្រកាន់ស្ដាំ ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់និងកុំបើកវ៉ាជែងក្នុងស្ថានភាព គ្រោះថ្នាក់ជាដើម ហើយមន្ត្រីនៅក្រុងបាវិតខ្លះ ក៏បានប្រព្រឹត្តនូវអំពើខុសច្បាប់ផងដែរ ដោយនៅតែជិះរថយន្តបញ្ច្រាសទិសក៏មានដែរ ដូច្នេះចាប់ពីពេលនេះទៅ ត្រូវបញ្ឈប់ទម្លាប់អាក្រក់នេះជាបន្ទាន់ ត្រូវគោរពច្បាប់ទាំងអស់គ្នា ទាំងប្រជាពលរដ្ឋនិងមន្ត្រីរាជការ ព្រោះមន្ត្រី ជាគំរូរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


ជាមួយគ្នានេះ នៅក្នុងវេទិកាសាធារណៈ ពលរដ្ឋក៏បានលើកឡើងអំពីចំណុចសំខាន់ៗដែលឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ចូលរួមដោះស្រាយរួមមានបញ្ហាផ្លូវ លូបង្ហូរទឹក អត្តសញ្ញាណប័ណ្ណ ការដាក់ភ្លើងស្តុបនៅទីប្រជុំជន បញ្ហាសំរាម និងចរាចរណ៍ផ្លូវគោក ជាដើម។


ចំពោះការសំណូមពរទាំងនេះ ត្រូវបានលោកអភិបាលក្រុងបាវិត ឆ្លើយតប និងអាចទទួលយកបានពីប្រជាពលរដ្ឋ ហើយក្នុងនាមអាជ្ញាធរ លោកអភិបាលក្រុង ក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងការអនុវត្តច្បាប់ទាំងអស់គ្នា។


ព្រមជាមួយគ្នានេះ លោកអភិបាលក្រុងក៏បានស្នើដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមឱ្យយកចិត្តទុកដាក់ ចូលរួមសហការនិងអប់រំសិស្សានុសិស្សឲ្យទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ ហើយនៅពេលខាងមុខនេះ រដ្ឋាភិបាលនិងធ្វើប្រតិភូកម្ម ឱ្យក្រុងជាអ្នកគ្រប់គ្រងទាំងសាលារៀនមត្តេយសិក្សា ដូច្នេះត្រូវអប់រំក្មេងតូចៗឲ្យចេះទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ចេះស្រឡាញ់បរិស្ថាន។


លោកលឹម សៀងហេង បានបញ្ជាក់ថា ចំពោះការងារអភិវឌ្ឍន៍នៅមូលដ្ឋាន អាជ្ញាធរបានខិតខំប្រឹងប្រែង កសាងហេដ្ឋារចនាសម្ព័ន្ធបានជាច្រើនមានទាំងផ្លូវចាក់បេតុង លូរំដោះទឹកនៅផ្លូវជាតិលេខ១ និងតាមបណ្ដាផ្លូវនានាក្នុងមូលដ្ឋានសង្កាត់បាវិត និងនៅពេលខាងមុខនេះមានលូបង្ហូរទឹកស្អុយ និងអាងប្រព្រឹត្តិកម្មចម្រោះទឹកស្អុយផងដែរ។


ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋដាក់ភ្លើងស្តុបនៅទីប្រជុំជននៅក្រុងបាវិត មន្ត្រីជំនាញក៏បានដាក់សំណើទៅមន្ទីរសាធារណការខេត្តដើម្បីសិក្សាបច្ចេកទេសទៅតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។


សូមបញ្ជាក់ថា ពិធីនេះមានការចូលរួមពីលោកណេប សារ៉ុនប្រធានក្រុមប្រឹក្សាក្រុងបាវិត លោកអធិការនគរបាលក្រុង សមត្ថកិច្ចដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ៕ ដោយ: PK_33



dd
Bottom Ad