11/08/23 12:53 PM
ខេត្តកណ្ដាល៖ លោកជំទាវ ហ៊ុន កុសនី អភិអបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ក្នុងពិធីបិទ “ជំរំយុវជនអបអរសាទរខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២៣” នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះថា៖ ការវិនិយោគលើយុវជនជាតម្រូវការចាំបាច់ ដើម្បីប្រទេសជាតិមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់ជាកម្លាំងកសាង និងការពារសង្គមជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត និងបន្ដនិរន្ដរភាពនៃបុព្វហេតុជាតិជារៀងរហូត។
លោកជំទាវ អភិបាលរងខេត្ត បន្តថា៖ ដើម្បីសម្រេចកិច្ចការដ៏មានសារៈសំខាន់នេះ ការងារអប់រំ និងការបណ្ដុះបណ្ដាល ពិសេសការកសាងធនធានយុវជនប្រកបដោយថាមពល ផ្លូវកាយ ផ្លូវប្រាជា្ញ និងស្មារតីពោរពេញទៅដោយចំណេះដឹង ចំណេះធ្វើ ជំនាញ និមិត្ដកម្ម នវានុវត្ដ ដែលជាកត្ដាកំណត់នៃការប្រែក្លាយរាល់សក្ដានុពលសេដ្ឋកិច្ច និងសង្គម ជាកិច្ចការសំខាន់បំផុត ដើម្បីឈានទៅអភិវឌ្ឍន៍ប្រទេសជាតិ។
លោកជំទាវ អភិបាលរងខេត្ត បន្ថែមថា៖ កម្មវិធីបោះជំរំយុវជន នេះ គឺជាតម្រូវការដ៏មានសារៈសំខាន់មួយ ក្នុងការគាំទ្ររាល់សកម្មភាពនានាសំដៅផ្ដល់ឱកាសដល់កុមារ-យុវជន រួមចំណែកកសាង ឧត្ដមគតិសន្ដិភាព សេរីភាព អភិវឌ្ឍន៍សាមគ្គីភាពក្នុងខេត្ត ប្រទេស និងពិភពលោក ដើម្បីផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ-យុវជនគ្រប់រូបទទួលបានការអប់រំមូលដ្ឋាន នៅក្នុងនិងក្រៅប្រព័ន្ធ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌ សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើត និងឋានៈនៅក្នុងសង្គម ព្រមទាំងប្រឆាំងនិងអំពើហិង្សា ប្រឆាំងនិងការប្រើប្រាស់គ្រឿងញៀន ការជួញដូរកុមារ ស្ដ្រី និងការរើសអើងគ្រប់ប្រភេទ ពិសេសផ្ដួចផ្ដើមគំនិតជំរុញឱ្យមានការងារប្រឡងប្រណាំងសាលារៀនគ្មានក្មេងទំនើង និងគ្មានគ្រឿងញៀន។
ក្នុងឱកាសនោះដែរ លោកជំទាវ អភិបាលរងខេត្ត បានស្នើដល់ ក្មួយៗសិស្សានុសិស្សគ្រប់រូប ត្រូវចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណា ដែលបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយយុវជនយើងធ្វើគំរូទាំងលើការសិក្សា ទាំងការរស់នៅ ដោយប្រកាន់ខ្ផាប់ និងចងចាំថា "យុវជន" ត្រូវធ្វើជីវិតឱ្យត្រកាលក្នុងថ្នាលសិក្សា និងយកវិជ្ផាមកបម្រើក្នុងមាគ៌ាអភិវឌ្ឍន៍។
លោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្មវិធីបោះជំរំយុវជនអបអរសាទរខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់ យុវជន ១២ សីហា ២០២៣ នេះយុវជននឹងទទួលបាននូវចំណេះដឹង ជំនាញខ្លី បំណិន និងបទពិសោធន៍ សាងសង់ជំរំ ការរស់នៅក្នុងជំរំ ការហូបអាហារសាមគ្គីជាមួយមិត្តភក្តិ និងសិក្សាមេរៀន ដូចជា៖ អត្ថន័យស្ម័គ្រចិត្ត ទិដ្ឋភាពទូទៅនៃ សកម្មភាពស្ម័គ្រចិត្ត ការវិភាគសកម្មភាពស្ម័គ្រចិត្ត ភារកិច្ចយុវជនដើម្បីលើកកម្ពស់សន្តិភាព ការកសាងផែនការ សកម្មភាពគាំទ្រសាលារៀន បទពិសោធន៍ការងារស្ម័គ្រចិត្តយុវជនកូរ៉េ ភារកិច្ចយុវជនក្នុងការចូលរួមអភិវឌ្ឍសន្តិភាព អត្ថប្រយោជន៍ និងគន្លឹះនៃការអាន ។