15/08/23 11:14 AM
ព័ត៌មានជាសំឡេង
(ភ្នំពេញ)៖ តួកម៉េនីស្ថានបង្ហាញគោលបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសកម្ពុជាឱ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៉ីកណ្ដាល ព្រមទាំងចាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យឯកឧត្តម មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ (Muhammetnyyaz Mashalov) ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាននៅប្រទេសកម្ពុជា និងបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារនិងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។
នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣.០៤លាននាក់រួចទៅហើយ។
ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូត មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ ក៏បានចូលរួមអបអរសាទរជាមួយឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងសម្រេចបាននូវការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ ព្រមទាំងទទួលបាននូវចំនួនភ្ញៀវទេសចរកើនឡើងបណ្ដើរៗឡើងវិញដែរ។ ដោយសារការមើលឃើញពីសក្ដានុពលទេសចរណ៍កម្ពុជាយ៉ាងដូច្នេះហើយ ភាគីតួកម៉េនីស្ថានចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជាលើវិស័យទេសចរណ៍នេះឱ្យកាន់តែរឹងមាំឡើង ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមក និងទេសចរប្រទេសទី៣។
ឯកឧត្តម មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ បានបន្តថា រដ្ឋាភិបាលតួកម៉េនីស្ថានមានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសខ្លួនមកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ាន ដើម្បីឱ្យភ្ញៀវទេសចរនៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនាខេត្តសៀមរាប តំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម មូហាំម៉េតនីយ៉ះ ក៏បានលើកឡើងជាសំណើរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅប្រទេសកម្ពុជា និងនៅប្រទេសតួកម៉េនីស្ថាន ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍រវាងប្រទេសទាំងពីទៅកាន់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរជាតិ/អន្តរជាតិបន្ថែមទៀត រួមចំណែកសម្រេចបាននូវគោលដៅរួមគ្នាជំរុញរំហូរទេសចរទៅវិញទៅមក។
នៅក្នុងសប្ដាហ៍នេះដែរ លោកឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានក៏នឹងទៅទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្ដានុពលទេសចរណ៍នៅទីនោះ ព្រោះប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះមានភាពល្បីល្បាញយ៉ាងខ្លាំង ដែលភ្ញៀវទេសចរគ្រប់ប៉ងប្រាថ្នាចង់មកទស្សនា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ និងបានប្ដេជ្ញាបន្តកិច្ចសហការជាមួយភាគីតួកម៉េនីស្ថាន។ លោករដ្ឋមន្ត្រីក៏បានផ្ដល់ជាយោបល់សូមឱ្យមានការរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា និងភាគីតួកម៉េនីស្ថាន ដើម្បីជាផែនទីបង្ហាញផ្លូវមួយសម្រាប់អនុវត្តផែនការសកម្មភាពដែលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ និងជាសក្ខីភាពដ៏រឹងមាំនៃប់ចំណងមិត្តភាព និងកិច្ចសហប្រត្តិការរវាងប្រទេសទាំងពីរ។
គួរជម្រាបថា តួកម៉េនីស្ថាន គឺជាប្រទេសមួយក្នុងចំណោមក្រុមប្រទេសនៅតំបន់អាស៉ីកណ្ដាលទាំង៥ (កាហ្សាក់ស្ថាន កៀរហ្ស៉ីស៉ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន) ក្រុមប្រទេសនៅតំបន់អាស៉ីកណ្ដាលទាំងនេះមិនទាន់មានប្រទេសណាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅឡើយទេ៕