ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ កម្ពុជានាំមុខគេលើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនតាមស្តង់ដាអាស៊ាន


ត្រលប់ក្រោយ

15/08/23 11:20 AM

ចំនួនទស្សនា៖

179

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាជាប្រទេសនាំមុខគេក្នុងតំបន់លើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនតាមស្តង់ដាអាស៊ាន។

ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដែលមានការចូលរួមពីលោក លោកស្រីជាសមាជិក សមាជិកា និងតំណាងស្ថាប័នបណ្តុះបណ្តាលប្រមាណ៥០រូប។


ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានរំលេចពីសមិទ្ធផលនានាដែលគណៈកម្មាធិការជាតិសម្រេចបានក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍លើយុវជន ស្របតាមយន្តការជាតិ និងអាស៊ាន រួមមានការរៀបចំកម្មវិធីសិក្សា ការបណ្ដុះបណ្ដាលគ្រូ បទដ្ឋានគតិយុត្តិផ្សេងៗ ការអនុវត្តកម្មវិធីវាយតម្លៃអ្នកជំនាញមានបទពិសោធន៍ តែពុំមានវិញ្ញាបនត្របញ្ចូលកម្មវិធីសិក្សាទេសចរណ៍តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយចំនួន ព្រមទាំងកម្មវិធីសិក្សាផ្សេងៗ។


ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការវាយតម្លៃរបស់វិទ្យាស្ថាន ERIA កម្ពុជា នៅតែជាប្រទេសដែលនាំមុខគេក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន តាមស្តង់ដាកម្មវិធីរួម។


នាឱកាសនោះ ឯកឧត្តម ទ្រី ឈីវ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាព និងសមិទ្ធផលនៃការអភិវឌ្ឍជំនាញស្របតាមស្តង់ដាអាស៊ាន (MRA)។

ឯកឧត្តមបានបញ្ជាក់ថា ចាប់តាំងពីការបង្កើតគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ឆ្នាំ២០១១ កម្ពុជាបានចូលរួមចំណែកក្នុងកំណែទម្រង់ការអប់រំជំនាញវិជ្ជាជីវៈនៅកម្ពុជា ដែលបានផ្តល់នូវការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន ក្នុងនោះយុវជនកម្ពុជាទទួលបានចំណេះដឹង ជំនាញ និងមានឱកាសសម្រាប់ការងារនៅក្នុងតំបន់។ លើសពីនេះទៀត ដោយមានយន្តការទ្រទ្រង់គ្រប់គ្រាន់ ដៃគូពាក់ព័ន្ធជាតិនិងអន្តរជាតិក៏បានចូលរួមគាំទ្រយ៉ាងសកម្មផងដែរ។


គួរកត់សម្គាល់ថា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាបានដឹកនាំសម្រេចការងារអាស៊ាន មានដូចជា៖

* ការរៀបចំគោលការណ៍ណែនាំអាស៊ាន ស្តីពីការវាយតម្លៃលើការសិក្សាពីមុន (RPL)

* ការរៀបចំគោលការណ៍ណែនាំអាស៊ាន ស្តីពីអនាម័យ និងសុវត្ថិភាព ដល់អ្នកជំនាញទេសចរណ៍ និងសហគមន៍ សម្រាប់ឧស្សាហកម្មទេសចរណ៍

* ការដឹកនាំរៀបចំកម្មវិធីសិក្សាជំនាញស្ប៉ា និងសុខុមាលភាពអាស៊ានជាដើម។


ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ជំនាញត្រូវរៀបចំអនុវត្តការងារឲ្យបានកាន់តែសកម្មក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនបម្រើការងារ មានដូចជាជំនាញស្ប៉ា-ម៉ាស្សា ចុងភៅ ជំនាញ MICE (Meeting, Incentive, Convention, Exhibition) ដែលវិញ្ញាបនបត្រជំនាញទាំងនេះនឹងត្រូវទទួលស្គាល់ដោយអាស៊ាន៕



dd
Bottom Ad