ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រគល់-ទទួលទីលានទុកដាក់សំរាម សំណល់រឹង នៅក្រុងស្វាយរៀង


ត្រលប់ក្រោយ

17/08/23 14:05 PM

ចំនួនទស្សនា៖

226

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមប្រគល់-ទទួលទីលានទុកដាក់សំរាមសំណល់រឹង នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលចំណាយថវិកាសាងសង់អស់ប្រមាណជាង ១លានដុល្លារ នៅលើផ្ទៃដីជាង៤ហិកតា និងបានប្រគល់រថយន្ត ម៉ូតូរុឺម៉ក សម្រាប់ដឹកសំរាម។


ពិធីនេះមានការចូលរួម ពីឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត និងលោកលោកស្រីតាមមន្ទីរនានាជុំវិញខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។


ឯកឧត្តម សេង សីលា បានថ្លែងថា: ការបង្កើតឲ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវ ជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អនិងបញ្ជៀសការចោលសំរាម ពាសវាលពាសកាល ហើយចាប់ពីពេលនេះតទៅ សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។


ឯកឧត្តម សេង សីលា បានបន្តថា: ដើម្បីឲ្យការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទាមទារឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរនិងក្រុមហ៊ុនប្រមូលសំរាម ក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាពក្នុងការប្រមូលសំរាមផងដែរ។ ហើយទីលាននេះក៏បានបង្កើតឲ្យប្រជាពលរដ្ឋមានការងារធ្វើមួយចំនួនទៀតព្រោះត្រូវការបុគ្គលិក ញែកសំរាមប្រមូលបញ្ចូលទៅដាក់រណ្តៅសំរាមថែមទៀត ដូច្នេះមិនត្រឹមតែជួយអនាម័យ បរិស្ថានក្រុងបានស្អាតទេ ថែមទាំងជួយផ្តល់ការងារដល់ពលរដ្ឋបន្ថែមទៀតដែរ។


ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ព្រមទាំងមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីទាំងអស់យកចិត្តទុកដាក់ក្នុងការធ្វើអនាម័យបរិស្ថានឲ្យបានស្អាត ជាក្រុងគ្មានសំរាម ប្រកបដោយពណ៌បៃតងស្រស់បំព្រង ដែលជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍នានាមកកំសាន្ត និងស្នាក់នៅប្រកបដោយផាសុខភាព។


ក្នុងឪកាសនោះ ឯកឧត្តម សៅ សុភាព បានថ្លែងថា: បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានយកចិត្តទុកដាក់ ហើយបានដាក់ចេញឲ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេសនូវគោលនយោបាយ​គ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដើម្បី​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​នៅ​ទីប្រជុំជនឱ្យ​មាន​ប្រសិទ្ធភាព និង​មានសុវត្ថិភាព​បរិស្ថាន ខណៈ​អត្រា​បរិមាណសំរាម​ក្នុង​មួយ​ឆ្នាំ​ៗមាន​ការ​កើន​ឡើងជាបន្តបន្ទាប់។


បន្ថែមលើសពីនេះឯកឧត្តម សៅ សុភាព ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមលើកកម្ពស់សុខុមាលភាព អនាម័យ សោភ័ណភាពទីក្រុង ទីប្រជុំជន បរិស្ថានស្អាត និងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានត្រឹមត្រូវ កុំដុតសំរាមផ្ដេសផ្ដាស ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានការរស់នៅ និងជះក្លិនមិនល្អ និងប៉ះពាល់ដល់សុខភាពសាធារណៈផងដែរ៕

ដោយ: PK_33



dd
Bottom Ad