21/08/23 10:23 AM
(ស្វាយរៀង)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅមណ្ឌលសុខភាពបាវិត លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម SOS Cambodian Kids-Vernon មកពីប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋប្រមាណជា ៥០០នាក់ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដោយឥតគិតថ្លៃ។
ក្នុងនាមប្រជាពលរដ្ឋក្រុងបាវិតទាំងអស់ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យនៃសមាគម SOS Cambodian Kids-Vernon ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ឡោ គឹមសុង និងលោកស្រី ឡោ វីឡា សហប្រធានសមាគម SOS Cambodian Kids-Vernon ព្រមទាំងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងធនធានផ្ទាល់ខ្លួន ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងលះបង់សម្រាប់ជាតិមាតុភូមិ ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ទទួលបាននូវការយកចិត្តទុកខ្ពស់ និងសេវាថែទាំសុខភាពគ្រប់បែបយ៉ាង ស្មើភាពគ្នា និងនៅគ្រប់ទីកន្លែងពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងទទួលបាននូវជីវភាពរស់នៅមួយកាន់តែប្រសើរឡើង និងភាពសុខសាន្ត ផងដែរ។
លោកបានបន្តទៀត រយៈពេលពីរបីថ្ងៃខាងមុខនេះ រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលកេរមរតកជាប្រវត្តិសាស្រ្តពីសម្តេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំការពារកសាងជាតិមាតុភូមិកម្ពុជា ក៏ដូចជាបន្តរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាងជូនប្រទេសជាតិ ក្នុងនោះការថែទាំនូវសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន គឺជាគោលនយោបាយអាទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិថ្មីនេះ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ និងថែទាំសុខភាពដោយខ្លួនឯងនៅតាមផ្ទះ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលថ្មី ក្នុងការកសាងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និងប្រសើរឡើង។ ក្រោយពីទទួលបានការពិនិត្យជំងឺពីក្រុមគ្រូពេទ្យនៃសមាគម SOS Cambodian Kids-Vernon ប្រកបដោយយកចិត្តទុកដាក់ បងប្អូនប្រជាពលរដ្ឋបានទទួលនូវការណែនាំសុខភាព និងថ្នាំពេទ្យសម្រាប់លេបពេលចេញទៅផ្ទះវិញ ផងដែរ។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្រ្តី បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគលជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ១០០ គ្រួសារ និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន២០០នាក់ ស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង៕ ដោយ: PK_33