21/08/23 13:07 PM
(ខេត្តស្វាយរៀង): លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋភិបាលចុះជួយក្រុងបាវិត ជាមួយនឹងក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បាននាំទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃដែលគង់រង់ចាំព្រះវស្សា ចំនួន៥វត្ត ទូទាំងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ពិធីនេះអាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ពុទ្ធបរិស័ទមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកបានបន្តទៀតថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយ ចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបាន កំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត្រ នៅខាងក្រៅឆ្ងាយៗវត្តបានឡើយដោយគង់នៅចាំ ព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទក៏ដូចជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀនវស្សា និងទេយ្យទានទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា៕ ដោយ:PK