31/08/23 11:09 AM
បន្ទាយមានជ័យ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ៖ ការធ្វើកំណែទម្រង់ឧត្តមសិក្សា ក្រសួងក៏បានដាក់ចេញនូវរបៀបវរៈដោយផ្តោតលើចំនុចសំខាន់ៗមានដូចជា៖ ១-ពង្រឹងការគ្រប់គ្រង រៀបចំឱ្យគ្រឹះស្ថានឧត្តមសិក្សា ក្លាយជាគ្រឹះស្ថានសិក្សាសាធារណៈរដ្ឋបាល ដែលមានការទទួលខុសត្រូវ កំណត់ចក្ខុវិស័យ ឆ្លើយតបទៅនឹងការដាក់ចេញរបស់រាជរដ្ឋាភិបាល។ ២-ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សាឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ឱ្យសមសម្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា នីតិកាលថ្មី ។ ៣-ការលើកកម្ពស់គុណវឌ្ឍន៍របស់សាស្រ្តាចារ្យ ជាពិសេសការបណ្តុះបណ្តាល ផ្តល់ឱកាសឱ្យសាស្រ្តាចារ្យនៅកម្រិតឧត្តមសិក្សា ផ្តល់អាហារូបករណ៍សិក្សាទាំងក្នុង និងក្រៅប្រទេស ។ ៤-ការកែលម្អ ការរៀន និងការបង្រៀន ឱ្យពិនិត្យឡើងវិញនូវវិធីសាស្រ្តបង្រៀន ធានាបានការបង្រៀនឱ្យមានគុណភាពខ្ពស់ ប្រើប្រាស់វិធីសាស្រ្តទំនើបបច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងណាការសិក្សាមានគុណភាពខ្ពស់ នៅក្នុងបរិបទថ្មី គឺការអប់រំ ឌីជីថល និងទី៥ការលើកកម្ពស់គុណភាពផ្ទៃក្នុង ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ឯកឧត្តម ជា សឿន ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យជាតិមានជ័យ ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម-លោកជំទាវប្រតិភូអមដំណើរ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត សាស្ត្រាចារ្យ និស្សិតជាច្រើននាក់ ។
ជាការឆ្លើយតបនឹងការប្រកាសនេះ ឯកឧត្តម ជា សឿន ត្រូវបានតែងតាំងថ្មីបានឡើងប្តេជ្ញារខិតខំអនុវត្តតួនាទីភារកិច្ច គោរពទៅតាមបទបញ្ញតិវិស័យរបស់ក្រសួងឱ្យបានខ្ជាប់ខ្ជួនខិតខំកសាងអង្គភាពឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុន អង្គការ និងស្ថាប័ននានា ទាំងក្នុងនិងក្រៅប្រទេសដើម្បីស្វែងរកការងារដល់និស្សិតដែលបានបញ្ចប់ការសិក្សា ឬជាកន្លែងកម្មសិក្សាអនុវត្តជាដើម ។
សូមបញ្ជាក់ថា៖ សាកលវិទ្យាល័យ ជាតិមានជ័យ ក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ ចំនួននិស្សិតកើនឡើងរហូតដល់ ១,៨០៩នាក់ ដែលមានចំនួនច្រើនជាង៥ដង ធៀបនឹងឆ្នាំសិក្សា ២០១៨-២០១៩ ដែលមានត្រឹមតែ ៣៥៦នាក់ ជាដំណាក់កាលមុនកំណែទម្រង់ឆ្នាំ២០២០ ៕ ណុប-រក្សា(២៩០១៦)