សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំប្រតិភូចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី


ត្រលប់ក្រោយ

04/09/23 10:02 AM

ចំនួនទស្សនា៖

318

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្ត​ទៅ​នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអម​ដំណើរ​​សម្តេច​នាយករដ្ឋមន្ត្រី រួមមានឯកឧត្តម, លោកជំទាវ, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រី​សំខាន់ៗ​នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបទៀត។


កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ានឆ្នាំ២០៤៥។


របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង​សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា​លើ​ទស្សន​វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាក្តីបារម្ភរួម។


ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក​សំខាន់ៗ​មួយចំនួនទៀត៕



dd
Bottom Ad