បារាំងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ លើវិស័យ TVET និង ប.ស.ស. ដែលស្របនឹងអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត


ត្រលប់ក្រោយ

14/09/23 10:25 AM

ចំនួនទស្សនា៖

218

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

(ភ្នំពេញ)៖ រដ្ឋាភិបាលសាធារណរដ្ឋបារាំង និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិស័យរបបសន្តិសុខសង្គម (ប.ស.ស.)ដែលផ្នែកទាំង២នេះគឺស្របទៅនឹងអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។


ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាក ប៉ឺលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌ្រីន ប៊ូស្សេ (Sandrine BOUCHER) នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។


នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ហេង សួរ ដែលទទួលបានតំណែងជារដ្ឋមន្ត្រីថ្មីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស គិតចាប់ពីពេលដែលឯកឧត្តមបានមកដល់ប្រទេសកម្ពុជាដំបូងតាំងពីឆ្នាំ១៩៩៥។


ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារ AFD នៅតែប្ដេជ្ញាបន្តគាំទ្រលើការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននានា។ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមានការពាក់ព័ន្ធនឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងរបបសន្តិសុខសង្គម។


ទន្ទឹមនឹងនេះ លោកស្រីនាយិកា AFD បានបញ្ជាក់ពីការបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធលើការអនុវត្តគម្រោង និងសកម្មភាពពាក់ព័ន្ធនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសផ្តោតលើវិស័យ TVET និង ប.ស.ស.។ ចំពោះវិស័យ TVET មានដូចជា គម្រោងស្ដីពីការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងស្ដីពីជំនាញសម្រាប់ការប្រកួតប្រជែង ហើយបច្ចុប្បន្នក៏គ្រោងអនុវត្តគម្រោងថ្មីមួយទៀត គឺគម្រោងស្ដីពីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដែលបានពិភាក្សាគ្នាកម្រិតបច្ចេកទេសរួចរាល់មកហើយ ហើយក៏គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខ។ ចំពោះវិស័យ ប.ស.ស. គឺគម្រោងសាកល្បងស្ដីពីរបបធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិតនៅតាមរោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា។ នាពេលខាងមុខ ទីភ្នាក់ងារ AFD នឹងផ្ដល់ជំនួយហិរញ្ញវត្ថុឆ្នាំ២០២៣ ស្ថិតក្រោមមូលនិធិសម្រាប់អ្នកជំនាញការបច្ចេកទេស និងការផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់ផ្ដល់ជំនាញបច្ចេកទេសទៅលើការកសាងសមត្ថភាពមន្ត្រី និងបុគ្គលិកនៃ ប.ស.ស. ឬអ្នកជំនាញការជាដើម។


លោកស្រីបានបន្តថា ទីភ្នាក់ងារ AFD ក៏មានគោលដៅសម្រាប់គម្រោងទំនើបភាវូបនីយកម្មរបស់ ប.ស.ស. ផងដែរ ដែលក្នុងនោះរួមមានការអភិវឌ្ឍនិងគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT) នៃ ប.ស.ស. ឱ្យស្របទៅនឹងការរីកចម្រើននៃវិស័យសន្តិសុខសង្គមក្នុងប្រទេសកម្ពុជា។


ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង និងលោកស្រីនាយិកា AFD ដែលបានមកពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ខាងលើ។ កិច្ចសហប្រតិបត្តិការទាំងនេះក៏ស្របទៅនឹងអនុសាសន៍ទាំង៦ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ទើបនឹងដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។


ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះភាគីបារាំងដែលបានសហការ និងគាំទ្រលើវិស័យពាក់ព័ន្ធខាងលើនេះ និងបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលបារាំង ពិសេសជាមួយគម្រោងរបស់ទីភ្នាក់ងារ AFD ដើម្បីសម្រេចឱ្យបាននូវលទ្ធផលជាអតិបរមា៕



dd
Bottom Ad