14/09/23 13:14 PM
(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាស ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្ត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តតែងតាំង និងទទួលស្គាល់ឯកឧត្ដមជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ដើម្បីបន្តចូលរួមចំណែកក្នុងកិច្ចការគាំទ្របម្រើ ធានា ការពារ និងផ្ដល់នូវផលប្រយោជន៍ជូនអតីតយុទ្ធជនឲ្យបានកាន់ល្អប្រសើរថែមទៀត ។
ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបញ្ជាក់បន្ថែមថា ចំពោះឯកឧត្ដមផ្ទាល់ ការមានឱកាសចូលរួមជាចំណែកមួយក្នុងគ្រប់យន្តការគាំទ្រដល់សកម្មភាពទាំងឡាយ ដែលនាំទៅដល់ផលប្រយោជន៍ដ៏ពិតប្រាកដសម្រាប់អ៊ុំ ពូ មាមីង អតីតយុទ្ធជន គឺជាកិច្ចការចម្បង និងជាកាតព្វកិច្ចតបស្នងមិនអាចខ្វះបានពីសំណាក់យើងខ្ញុំទាំងអស់គ្នាជាយុវជនជំនាន់ក្រោយ សម្រាប់វីរៈអតីតយុទ្ធជន យុទ្ធនារី ដែលអស់ឯកឧត្ដមទាំងអស់ បានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយចំណែក នៃការចូលរួមនេះ គឺពិតជាមានតម្លៃ ប្រកបដោយមោទនភាពបំផុត ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប ដែលបានទទួលផលពីការតស៊ូ និងការលះបង់របស់អតីតយុទ្ធជន និងយុទ្ធជនពលីជំនាន់មុន ។
ក្នុងឱកាសនោះឯកឧត្ដមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាក៏បានជម្រុញឲ្យឯកឧត្ដមប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្រូវខិតខំអនុវត្តតាមគោលការណ៍ ការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឲ្យមានប្រសិទ្ធភាព ក៏ដូចជាបន្តយកចិត្តទុកដាក់លើកកម្ពស់ស្មារតីគោរពដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនគ្រប់រូប ។
ឯកឧត្ដមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍បន្តទៀតថា: កិច្ចការក្រៅពីនេះក៏ត្រូវបន្តរៀនសូត្រ និងចងចាំទុកជាប្រវត្តិសាស្ត្រនូវគំរូវីរភាពដ៏អង់អាចក្លាហាន មោះមុតរបស់អតីតយុទ្ធជនដែលបានពលីក្នុងបុព្វហេតុ នៃសុខសន្តិភាពរបស់ប្រទេសជាតិ ។ ត្រូវបន្តគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារពលី ដោយបន្តបង្កើនវប្បធម៌ចែករំលែក ជំរុញ និងកៀរគរការចូលរួមក្នុងសកម្មភាពសាងសង់ទីជម្រកជូនដល់អតីតយុទ្ធជន និងគ្រួសារពលី ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន ។ ចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការ សំណើ សំណូមពរនានារបស់អតីតយុទ្ធជន និងគ្រួសារពលី ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ជាពិសេសគឺត្រៀមចូលរួមសហការ និងគាំទ្រជានិច្ចនូវរាល់សកម្មភាពដែលផ្ដល់ និងការពារផលប្រយោជន៍របស់អតីតយុទ្ធជន ក៏ដូចជាបន្តជួយជំរុញចលនាសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឲ្យកាន់តែមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ដោយ:PK