19/09/23 14:10 PM
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍកែលម្អសោភ័ណភាព ក្នុងក្រុងស្វាយរៀង មានដូចជា ទីតាំងសាងសង់អាគារធ្វេីការរបស់រដ្ឋ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ស្ថានីយបូមទឹកឆៅ និងសួនច្បារច្រាំងទន្លេប៉ែកខាងជេីងផ្លូវជាតិលេខ១ ពិនិត្យទីតាំងគម្រោងស្តាព្រែកនៀល ពិនិត្យទីតាំងកំពង់ផែអូស្មាច់ និងពិនិត្យទីតាំងស្នេីសុំប័ណ្ណកម្មសិទ្ធរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះមានការអញ្ជេីញចូលរួមអមដំណេីរក្រួមមាន ឯកឧត្តមជាអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោក លោកស្រីជានាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ទីចាត់ការផែនការវិនិយោគ លោកអភិបាលក្រុងស្វាយរៀង និងលោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត។
ឯកឧត្តម ប៉េង ពោធិ៍សា ធ្លាប់បានប្តេជ្ញាចិត្តថា និងរៀបចំកសាង និងអភិវឌ្ឍន៍វិស័យនានាក្នុងខេត្ត បន្តនិរន្តរ៍ភាពពីថ្នាក់ដឹកនាំជំនាន់មុនៗ ដោយអនុវត្តតាមអភិក្រមថែរក្សាការពារសមិទ្ធផលវិជ្ជមានរបស់អ្នកជំនាន់មុន និងបន្តបង្កើនសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ផ្អែកលើផែនការអភិវឌ្ឍន៍ខេត្ត៥ឆ្នាំ កម្មវិធីវិនិយោគ បីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍន៍ខេត្តប្រចាំឆ្នាំ ដែលឆ្លើយតបទៅនឹងការវិវត្តន៍ និងតម្រូវការ ជាក់ស្តែងនៅមូលដ្ឋាន ដើម្បីរួមចំណែកលើកកម្ពស់គុណភាព ជីវភាពរស់នៅ និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកបដោយផាសុកភាព និងសុខុមាលភាព ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្រោមមគ្គទេសក៍ ដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប្រជាពលរដ្ឋខេត្តស្វាយរៀង និងសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកអភិបាលខេត្តថ្មី សមិទ្ធផលថ្មីៗនិងរីកដុះដាលជាបន្តបន្ទាប់ទៀតផងដែរ។
ឯកឧត្តម ប៉េង ពោធិ៍សា មានប្រសាសន៍បន្តថា: ជាមួយគ្នានេះ ត្រូវបន្តផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ដូចជា ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ លើកកម្ពស់បណ្ដុះបណ្ដាលដល់មន្ត្រី ឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការងារឲ្យទទួលបានជោគជ័យបន្ថែមទៀត បន្តរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព៕ ដោយ:PK