សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅនបរិវេណវិមានឈ្នះឈ្នះ


ត្រលប់ក្រោយ

20/09/23 11:12 AM

ចំនួនទស្សនា៖

254

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណ:កម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ដឹកនាំក្រុមការងារអញ្ជើញប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ។


ពិធីនេះបានធ្វើឡើងនៅវិមានឈ្នះឈ្នះ មានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅបរិវេណវិមានឈ្នះឈ្នះ គឺមានកសាងសងប្រាសាទកោះកេរ ជានិម្មិតរូប ស្ថិតនៅជ្រុងខាងកើតវិមានឈ្នះឈ្នះ។

ពិធីមានការរៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយ ដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។


គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន

៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន៖ ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។


សូមជម្រាបដែរថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា។


សូមបញ្ជាក់ផងដែរថា ប្រាសាទកោះកេរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។


ប្រាសាទកោះកេរមានរូបរាងជាពីរ៉ាមីត កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ (ឆោកគគ៌្យរ) ស្រះគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរមានទំហំផៃ្ទដី ១៦គីឡូម៉ែត្រការ៉េ រួមមាន ៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។



dd
Bottom Ad