អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៣


ត្រលប់ក្រោយ

21/09/23 11:41 AM

ចំនួនទស្សនា៖

455

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៣ និងពិធីប្រកាសមុខតំណែង បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីនគរបាល គ្រូបង្វឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុក អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ គ្រូបង្វឹក និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ប្រមាណចំនួន ២៦០នាក់។


ក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត វីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប គោរពជូនគណៈអធិបតី និងអង្គពិធីជ្រាបថា ក្នុងខែកញ្ញ ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនអត្តពលិកទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាក្នុងប្រទេស និងក្រៅប្រទេស បានចំនួន ៤លើក និងទទួលបានមេដាយសរុបចំនួន ១២គ្រឿង ដែលរួមមាន៖ ១.សម្រាប់ព្រឹត្តិការណ៍កីឡាក្នុងប្រទេសមានចំនួន ១លើក ដែលបានបញ្ជូនកីឡាករចូលរួមក្នុងការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដោយទទួលបានមេដាយសរុបចំនួន ០៩គ្រឿង (មេដាយមាស ០៣, ប្រាក់ ០៣ និងសំរឹទ្ធ ០៣)។ ២.សម្រាប់ព្រឹត្តិការណ៍កីឡាក្រៅប្រទេស ៖ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនអត្តពលិកទៅចូលរួមក្នុងការប្រកួតបាន៣លើក រួមមាន៖ ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេ Thailand Open Karate Championship 2023 នៅព្រះរាជាណាចក្រថៃ ជាលទ្ធផលដណ្តើមបានមេដាយសំរឹទ្ធិ ចំនួន ០២គ្រឿង។ ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ World championship 2023 នៅប្រទេសបេនីន។ ចូលរួមក្នុងការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកអេរ៉ូប៊ិកអាស៊ី លើកទី៨ ឆ្នាំ២០២៣ នៅទីក្រុង Ulaanbaatar ប្រទេស Mongolia ជាលទ្ធផលដណ្ដើមបានមេដាយមាស ចំនួន ០១គ្រឿង។


ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គលេខាធិការ ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ន អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ក៏កំពុងជួបបញ្ហាប្រឈមមួយចំនួនរួមមាន៖ ធនធានកីឡាករ កីឡាការិនី គ្រប់ប្រភេទកីឡានៅមានចំនួនតិច, កីឡាករ កីឡាការិនីថ្នាលបន្ដវេន នៅមានចំនួនតិច, ខ្វះខាតទីលាន និងសម្ភារៈបច្ចេកទេសសម្រាប់បម្រើការការហ្វឹកហាត់ ព្រមទាំង ខ្វះខាតនូវធនធានគ្រូបង្វឹកជាតិ និងអន្តរជាតិ ដែលមានបច្ចេកទេសស្ដង់ដារសម្រាប់បណ្ដុះបណ្ដាលដល់កីឡាករ កីឡាការិនី ផងដែរ។


ឆ្លៀតឱកាសនោះ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរចំពោះលទ្ធផល ដែលអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ សម្រេចបានលទ្ធផលដ៏ល្អ ដែលកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា។ ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានណែនាំឱ្យចេះរួបរួមគ្នា និងសាមគ្គីគ្នា ដោយឯកឧត្តម បានលើកឡើងថា សម្រាប់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ដែលមានលទ្ធផលជោគជ័យមកដល់បច្ចុប្បន្ន គឺកើតចេញពីចំណែកនៃកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់។


នាឱកាសនោះ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានអញ្ជើញជាអធិបតីផ្តល់កិត្តិយសប្រគល់ជូនសេចក្តីសម្រេចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីនគរបាល និងគ្រូបង្វឹក នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ផងដែរ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ



dd
Bottom Ad