21/09/23 12:02 PM
ព័ត៌មានជាសំឡេង
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជួបសំណេះសំណាលការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីចំណុះនាយកដ្ឋានរដ្ឋបាល-សរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីចំណុះនាយកដ្ឋានរដ្ឋបាល-សរុប ប្រមាណ១៤៨រូប។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា ប្រធាននាយកដ្ឋានរដ្ឋបាល-សរុប បានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីការងាររដ្ឋបាលទូទៅ ការគ្រប់គ្រងឯកសារ ការងារហិរញ្ញវត្ថុ និងការងារបុគ្គលិក ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ក៏បានរាយការណ៍អំពី វឌ្ឍនភាពការងារ លទ្ធផល និងការលើកទិសដៅការងារបន្តប្រចាំខែ តី្រមាស ឆមាស និងប្រចាំឆ្នាំ ព្រមទាំងបានលើកឡើងផងដែរ នូវបញ្ហាប្រឈមមួយចំនួន ដែលនាយកដ្ឋានរដ្ឋបាល-សរុបជួបប្រទះ ជូនគណៈអធិបតី និងអង្គពិធីទាំងមូល។
ក្រោយបានស្តាប់នូវការធ្វើសេចក្តីរាយការណ៍សង្ខេប ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានមតិស្វាគមន៍ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និង មន្ត្រីនៃចំណុះនាយកដ្ឋានរដ្ឋបាល-សរុប ជូនដល់អង្គភាពបានយ៉ាងល្អប្រសើរ ព្រមទាំងសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ឯកឧត្តម រដ្ឋលេខាធិការ ក៏បានធ្វើការណែនាំដល់ ថ្នាក់ដឹកនាំ និងមន្ដ្រី ចំណុះនាយកដ្ឋានរដ្ឋបាល-សរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងទាំងអស់ នូវទិសដៅជាអាទិភាព ដើម្បីសម្រេចបាននូវគោលដៅថ្មីៗនាពេលខាងមុខ ដោយមន្ត្រីទាំងអស់ត្រូវ បន្តពង្រឹងការងារគ្រប់គ្រងវត្តមានមន្ត្រី ពង្រឹងប្រព័ន្ធទំនាក់ទំនងក្នុងអង្គភាព សុវត្ថិភាពព័ត៌មាន និងទិន្នន័យ ជាមួយគ្នានេះ ត្រូវបន្តទំនាក់ទំនងជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំមន្ត្រីលើការងារជំនាញសវនកម្ម និងការងាររដ្ឋបាល ស្របជាមួយគ្នានេះ ត្រូវពង្រឹងប្រព័ន្ធគ្រប់គ្រង និងចរាចរឯកសារ ព្រមទាំងបន្តសិក្សាស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីគាំទ្រដល់ការងារសវនកម្ម៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ