22/09/23 08:31 AM
ព័ត៌មានជាសំឡេង
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង និងលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការក្រោមចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ជាច្រើនរូបផងដែរ។
ឯកឧត្តម សួស ប្រាថ្នា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរបស់នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងដើម្បីស្វែងយល់ពីលំហូរការងារជាក់ស្តែង ក៏ដូចជាវឌ្ឍនភាព និងស្ថានភាពទូទៅរបស់នាយកដ្ឋាន ព្រមទាំងដើម្បីជំរុញទឹកចិត្ត និងលើកម្ពស់សាមគ្គីភាពឯកភាពផ្ទៃក្នុង នៅក្នុងបំពេញការងារឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះ លោក អ៊ុក រតនៈ ប្រធានស្តីទី នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការងាររបស់នាយកដ្ឋានជូនអង្គប្រជុំ ដែលផ្តោតលើចំណុចសំខាន់ដូចជា លទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣, បញ្ហាប្រឈម, សំណូមពរ និងទិសដៅការងារបន្តផងដែរ។
ជាថ្មីម្តងទៀត ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផល ក៏ដូចជាការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ នៃនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ ដែលសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន។ ឯកឧត្តម អគ្គនាយក ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱ្យវាទបន្តចូលរួមអនុវត្តទិសដៅការងារបន្តទៀត និងចូលរួមរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អក្នុងការបំពេញការងារប្រចាំថ្ងៃ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ