22/09/23 08:53 AM
ព័ត៌មានជាសំឡេង
រាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ំ សុខ គណៈចាត់តាំងសមាគមអតីតយុទ្ធជនកម្ពុជា, ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិកា និងភ្ញៀវកិត្តយសមកពីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជា តែងតាំងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ