ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យស្ដីពី ការផ្ទេរមុខងារវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ


ត្រលប់ក្រោយ

22/09/23 13:51 PM

ចំនួនទស្សនា៖

364

ប្រភព៖

ភ្នំពេញ

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលសហការរៀបចំឡើងដោយ គ.ជ.អ.ប និងក្រសួងអប់រំ យុវជន និងកីឡា។


ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង-ស្ថាប័ននានា, ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, លេខាធិការដ្ឋាន គ.ជ.អ.ប, អភិបាលរាជធានី-ខេត្ត, អភិបាលស្រុក-ខណ្ឌ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណជា ៦២០នាក់។


ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ និងការដាក់ឱ្យអនុវត្តអនុក្រឹត្យស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ប្រកបដោយមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងបង្ហាញអំពីវឌ្ឍនភាពថ្មីមួយទៀត ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់វិស័យអប់រំ ព្រមទាំងបង្ហាញអំពីឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការគាំទ្រវិស័យអប់រំ យុវជន និងកីឡា។


ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់ការគាំទ្រ និងរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យនេះឡើង។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានកោតសរសើរចំពោះរាល់កិច្ចសហការ ក្នុងការចូលរួមគាំទ្រគ្រប់ស្ថាប័ន ក្រុង-ស្រុក-ខណ្ឌ ដើម្បីជំរុញការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ចំពោះការងារអប់រំ ឱ្យកាន់តែល្អប្រសើរ។


ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះ គ.ជ.អ.ប ដែលនាពេលកន្លងមក ក្រោមការដឹកនាំ សម្ដេចក្រឡាហោម ស ខេង តែងតែយកចិត្តទុកដាក់ ក្នុងការណែនាំ និងជំរុញការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងមុខងារវិស័យអប់រំ យុវជន និងកីឡា ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព នៃការបង្កើនគុណភាព សេវាអប់រំ ជូនដល់ប្រជាជនកម្ពុជា។


នាឱកាសនោះ អភិបាលរដ្ឋបាលក្រុងសៀមរាប នៃខេត្តសៀមរាប តំណាងឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានធ្វើការប្ដេជ្ញាខ្ពស់ក្នុងការគ្រប់គ្រងចាត់ចែង អនុវត្តមុខងារ របស់ក្រសួងអប់រំយុវជន និងកីឡា ដោយបន្តផ្តល់ការយកចិត្តទុកដាក់ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែងអនុវត្តមុខងារ របស់ក្រសួងអប់រំ យុវជន និងកីឡា សមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ សមភាព ដើម្បីធានាសម្រេចបានគុណភាពសេវាអប់រំ ដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។


អញ្ជើញមានប្រសាសន៍បិទអង្គពិធី នាឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីនៃក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា ក្នុងការរៀបចំ និងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬ ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឱ្យមានការអភិវឌ្ឍទៅមុខស្របតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំដៅធ្វើឱ្យគុណភាពជីវិតរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ដើម្បីឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។


ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមអភិសន្ដិបណ្ដិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ នៅតែតម្កល់ឆន្ទៈយ៉ាងរឹងមាំក្នុងការបន្តជំរុញ និងពង្រឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបានកំណត់យកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមជាមួយកំណែទម្រង់សំខាន់ៗផ្សេងទៀត ជាអាទិ៍កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ធ្វើជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។


ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយមានគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ជាសេនាធិការ នឹងបន្តពង្រឹង និងជំរុញការអនុវត្ត “កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០” ដោយបន្តផ្ដោតលើការបែងចែកមុខងារ ការទទួលខុសត្រូវ និងខ្សែគណនេយ្យភាពឱ្យបានកាន់តែច្បាស់លាស់រវាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗ។


ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បន្ថែមថា គ.ជ.អ.ប នឹងបន្តពង្រឹង គាំទ្រ និងអភិវឌ្ឍស្ថាប័នរដ្ឋបាលក្រុង ស្រុក ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានជួរមុខ ជាស្ថាប័នអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការដែលតំណាងឱ្យសម្លេង និងផល ប្រយោជន៍របស់ប្រជាជន ជាស្ថាប័ន មានស្វ័យភាព សមត្ថភាព លទ្ធភាពសមស្រប មានគំនិត ផ្តួចផ្តើម និងមានលទ្ធភាពគាំទ្រ សម្របសម្រួល និងសហការជាមួយរដ្ឋបាលឃុំ សង្កាត់ក្នុងការផ្តល់សេវា សាធាណៈជាមូលដ្ឋាន និងចាំបាច់នានាជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ


dd
Bottom Ad