28/09/23 09:02 AM
ព័ត៌មានជាសំឡេង
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួប ឯកឧត្ដមអគារនុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនេះ ឯកឧត្ដមអគារនុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានសម្តែងនូវការចូលរួមអបអរសាទរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនគរបាលជាតិ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សម្រាប់កិច្ចការសហការល្អនាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្ដមអគារនុរក្សថ្នាក់លេខ១ បានជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អំពីបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ ដោយសារកំណើនទណ្ឌិត និងបានស្នើសុំកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការពារសុវត្ថិភាព សន្តិសុខ ចំពោះការផ្ទេរទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយ និងប្តេជ្ញារួមសហការគ្នាពង្រឹងការងារគ្រប់គ្រងប័ណ្ណសារទណ្ឌិត តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅបង្កើនប្រសិទ្ធភាពក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសនានា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ឯកភាព និងគាំទ្រលើការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងការផ្ទេរទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយ និងបន្តរួមកិច្ចសហការគ្នាឲ្យបានល្អបន្ថែមទៀត សំដៅធានាសន្តិសុខ និងសុវត្ថិភាពសង្គម។ ឯកឧត្តម ក៏បានលើកឡើងពីកិច្ចសហការកន្លងមកក្នុងការស្រាវជ្រាវស្វែងរកទណ្ឌិតដែលបានរត់គេចខ្លួនផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដមអគារនុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានពិភាក្សាលើចំណុចពាក់ព័ន្ធនឹងការងារសន្តិសុខក្នុងពន្ធនាគារ ដើម្បីធានាសុខសុវត្ថិភាពសង្គម និងចូលរួមចំណែកកាត់បន្ថយបទល្មើសក្នុងសហគមន៍៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ