28/09/23 10:06 AM
ព័ត៌មានជាសំឡេង
(ស្វាយរៀង): នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី "ប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរសក្ដិជូនមេបញ្ជាការរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង" ដោយមានការអញ្ជើញចូលរួមពី គណៈប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាសេនាធិការរង នាយការិយាល័យ នាយរងការិយាល័យនៃកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៨ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឪកាសនោះ ជំនួសមុខឲ្យឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ហែម ពិសិដ្ឋ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត គ្រប់ជំនាញ និងគ្រប់ផ្នែកទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតី តស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផល គួរជាទីមោទនៈ ទាំងក្នុងកិច្ចការជំនាញ ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ និងកិច្ចការ សហការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ នៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ទាំងក្នុងឱកាសបុណ្យប្រពៃណីជាតិ ក៏ដូចជាពិធីធំៗ ដែលខេត្តបានរៀបចំ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងនាមឯកឧត្តមអភិបាលខេត្ត ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់កម្លាំងអាវុធហត្ថ ទាំងអស់ ជាពិសេសលោកមេបញ្ជាការរងដែលទទួលបានការតែងតាំងមុខតំណែង និងដំឡើង ឋានន្តរស័ក្តិនៅថ្ងៃនេះ នូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
១-ត្រូវចូលរួម ថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ព្រមទាំងត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការ ស្របតាមតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព។
២-ត្រូវបន្តខិតខំសហការគាំទ្រដល់កិច្ចការការពារ ទប់ស្កាត់ និងបង្ក្រាប នូវបទល្មើសគ្រប់ប្រភេទដែលបានកើតឡើង ជាពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង បទល្មើសជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ។
៣-ត្រូវរក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាពិសេសជួរនាយទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថឲ្យ បានខ្ជាប់ខ្ជួន ។
៤-ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងការណែនាំ ចង្អុលបង្ហាញ តម្រង់ទិស របស់ប្រធានអង្គភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាល ឲ្យបានម៉ឺងម៉ាត់ ។
៥-ត្រូវខិតខំសិក្សាស្វែងយល់ ដកស្រង់នូវបទពិសោធន៍ល្អៗពីរៀមច្បងជំនាន់មុន និងរៀនសូត្រពីចំណេះដឹងថ្មីៗ ដើម្បីច្នៃបង្កើតនូវស្នាដៃ និងសកម្មភាពការងារឆ្លើយតបទៅនឹងសភាពការណ៍វិវត្តន៍នាសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលដ្ឋ និងអ្នកវិនិយោគ ក្នុងខេត្ដ ឲ្យបានល្អប្រសើរ ។
៦-ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ និងប្រជា ពលរដ្ឋ ក្នុងគោលដៅពង្រឹងការទំនាក់ទំនង បង្កើនការជឿជាក់ ការស្រឡាញ់រាបអានពីប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនានាជាយថាហេតុ ។
៧-ត្រូវបន្តលើកកម្ពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ដាច់ខាត ប្តេជ្ញាការពារនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នីបានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង និង បងប្អូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់នៅខេត្តស្វាយរៀង ដែលជានិច្ចកាលលោកនាយឧត្តមសេនីយ៍សៅ សុខា តែងតែនឹករលឹកដល់បងប្អូនកងរាជអាវុធហត្ថទាំងអស់នៅទាំងប្រទេស និងបានផ្ដាំផ្ញើថែរក្សាសុខភាពឲ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមឲ្យបានល្អបន្ថែមទៀត។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានបញ្ជាក់ថា មន្ត្រីអាវុធហត្ថ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យមានស្ថិរភាពល្អប្រសើរ ដែលជាកត្តាចម្បងបម្រើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជាពិសេសបានបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និងអ្នកវិនិយោគមក លើកម្លាំងសមត្ថកិច្ច អាជ្ញាធរ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានថ្លែងផ្តាំផ្ញើដល់កម្លាំងអាវុធហត្ថយើងទាំងអស់ ជាពិសេសលោក មេបញ្ជាការរងដែលទទួលបានការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិនៅថ្ងៃនេះ ត្រូវចូលរួមថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការ ស្របតាមតួនាទីភារកិច្ចរបស់ កងរាជអាវុធហត្ថ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថត្រូវបន្តសហការល្អជាមួយអាជ្ញាធរ សមត្តកិច្ចពាក់ព័ន្ធ និងតុលាការក្នុងភូមិសាស្រ្តនៃដែន សមត្ថកិច្ចរបស់ខ្លួន និងត្រូវ យកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញ ក្នុងនាមជាមេបញ្ហាការ, ប្រធានស្ថាបន័ ត្រូវតែយក ចិត្តទុកដាក់ចំណុចទាំង៧គឺ៖ ១.ហូប ២.ស្លៀកពាក់ ៣.ដេក ៤.សុខភាព ៥.អប់រំ រៀនសូត្រ ៦.មធ្យោបាយ ៧.កម្សាន្តសប្បាយ។ ដោះស្រាយគោលនយោបាយ ជាបញ្ជាការ គឺជាអ្នកបញ្ជា, ទទួលខុសត្រូវ, តាមដានការអនុវត្ត៕ ដោយ:PK