អាជ្ញាធរ​ខេត្តប៉ៃលិន​ សុំឱ្យ​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ដងស្ទឹង​បរយ៉ាខា​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​


ត្រលប់ក្រោយ

28/09/23 11:07 AM

ចំនួនទស្សនា៖

303

ប្រភព៖

ប៉ៃលិន

ព័ត៌មានជាសំឡេង

​ប៉ៃលិន៖​ នៅព្រឹកថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២៣នេះ​ លោក​ហុក​ សុផល​ អភិបាលរង​ខេត្ត​ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ រស់​នៅតាម​បណ្តោយ​ដងស្ទឹង​បរយ៉ាខា​ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ធ្វើឱ្យ​ទឹកស្ទឹង​ឡើង​យ៉ាងខ្លាំង​។


លោកបានបន្តថា​ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវបាន​ ស្រីមុំ​ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន​លោកបានណែនាំដល់ក្រុមការងារ និងមន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានត្រូវចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់​កុំចាំស្តាប់របាយការណ៍។ ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួន និងបណ្តាលឱ្យខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាព មិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


លោកអភិបាលរងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ ច្រើនថ្ងៃជាប់គ្នា ហើយបើមា បញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីចៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ។


សូមបញ្ជាក់ថា៖ ឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាតំបន់ទំនាប ដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះសួរសុខទុក្ខ និងពិនិត្យមើលផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ៕



dd
Bottom Ad