អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅទូទាំងខេត្ត


ត្រលប់ក្រោយ

29/09/23 10:20 AM

ចំនួនទស្សនា៖

396

ប្រភព៖

ប៉ៃលិន

ព័ត៌មានជាសំឡេង

ប៉ៃលិន៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅទូទាំងខេត្តប៉ៃលិន ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ។


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យជន់លិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ បណ្តាលអោយខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនា សម្ព័ន្ធមួយចំនួនផងដែរ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយ​អង្គភាពជំនាញ ពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់​ទឹកភ្លៀងមានស្ថានភាព មិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់​នៅ​​តាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើ​មានបញ្ហាអ្វី កើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្ត​ទុក្ខដាក់​ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។


សូមរំលឹកថា៖ ខេត្តប៉ៃលិន តែងតែរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់​ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ខេត្ត, សាខាកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះសួរសុខទុក្ខ និងពិនិត្យមើល​ផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា ។



dd
Bottom Ad