ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ឃើញថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពេញការងារបានល្អធំៗចំនួន២


ត្រលប់ក្រោយ

04/10/23 09:46 AM

ចំនួនទស្សនា៖

219

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

ទីស្ដីការក្រសួងមហាផ្ទៃ ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ត នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងកោតសរសើរតាមការកត់សម្គាល់ផ្ទាល់ខ្លួនថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពេញការងារបានយ៉ាងល្អធំៗចំនួន២រួមមាន «ការងារបណ្តុះបណ្តាលនិងអប់រំផ្សព្វផ្សាយ» និង «ការងារនីតិកម្មនិងជំនួយផ្នែកច្បាប់»។


ទន្ទឹមនឹងការកត់សម្គាល់ជាវិជ្ជមាននេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយរាល់លិខិតុបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញតួនាទីជាអ្នកគ្រប់គ្រងទីកន្លែងឃាត់ខ្លួន និងកន្លែងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។ ក្រៅពីនេះ បន្តចុះត្រួតពិនិត្យ ដើម្បីតាមដាន ឱ្យបានទៀងទាត់នៅកន្លែងឃុំឃាំងនានា អំពីស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព ដែលនេះក៏ជាមធ្យោបាយមួយ ដើម្បីពង្រឹងកិច្ចការពារ បង្ការទប់ស្កាត់ និងប្រឆាំងទារុណកម្មផងដែរ។


ក្នុងនោះ គណៈកម្មាធិការប្រឆាំងទារុណកម្ម គប្បីបន្តផ្តល់អនុសាសន៍ដល់ប្រតិបត្តិករក្រោមអាណាព្យាបាល ក្នុងការអង្កេតស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម និងការអង្កេតស្រាវជ្រាវតាមផែនការកំណត់។


តែទោះយ៉ាងណា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សង្កត់ធ្ងន់ថា រាល់តួអង្គអង្កេតស្រាវជ្រាវករណីទារុណកម្មត្រូវស្គាល់តួនាទីភារកិច្ច ពិសេសសិទ្ធិអំណាច ពោលគឺ ព្រំដែនកំណត់ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដើម្បីចៀសវាងការប៉ះពាល់ដល់សិទ្ធិអំណាចរបស់ភាគីដែលរងការអង្កេតស្រាវជ្រាវ។


ដើម្បីជោគជ័យលើភារកិច្ច ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងលើកទឹកចិត្តលើសកម្មភាពផ្សព្វផ្សាយអប់រំ ឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួមយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអង្គភាពពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាផងដែរ។


ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គទេសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ទទូចដល់អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងចូលរួមឱ្យបានសកម្មពេញទំហឹងបន្ថែមទៀត។


ជាថ្មីម្ដងទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អង្គការជាតិ អន្តរជាតិ និងអង្គពាក់ព័ន្ធទំាងអស់ ដែលបានខិតខំរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងការធ្វើទារុណកម្ម អំពើអមនុស្សធម៌ អំពើឃោរឃៅ ការធ្វើទុក្ខបុកម្នេញ បន្ថោកបន្ទាប និងការលើកស្ទួយក្រមសីលធម៌សង្គមជាដើម៕


dd
Bottom Ad