សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា


ត្រលប់ក្រោយ

04/10/23 13:21 PM

ចំនួនទស្សនា៖

276

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។


ក្នុងជំនួបនេះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើនូវការថ្លែងអំណរគុណជូនដល់ ឯកឧត្តម អាន់វ៉ាអា-អ៊ុល-ហាក់ កាកា នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ចំពោះសារលិខិតអបអរសាទរ ក្នុងឱកាសដែល សម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ភ្ជាប់ជាមួយនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពង្រឹង និងពង្រីក កាន់តែប្រសើរឡើង ថែមទៀត ។


ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ក៏ដូចជាចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅក្នុងវិស័យជាច្រើន ជាអាទិ៍ វិស័យពាណិជ្ជកម្ម ដែលត្រូវបានកត់សម្គាល់តាមរយៈលទ្ធភាពនៃការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ (Joint Trade Committee) ដែលជាយន្តការល្អមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។ ដោយទ្បែក វិស័យការពារជាតិ ក៏បានស្តែងឡើងតាមរយៈការចូលចតនាវា និងការបំពេញទស្សនកិច្ចផ្លូវការរបស់មន្ត្រីយោធាជាន់ខ្ពស់ ផងដែរ ។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យកសិកម្ម។


ក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន និងបានគោរពស្នើសុំឱ្យមានការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ជាការឆ្លើយតប សម្តេចធិបតី បានឯកភាពចំពោះការស្នើនៃការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន គឺដូចទៅនឹងអ្វីដែល សម្តេចតេជោ ធ្លាប់បានឯកភាពកាលពីពេលមុនកន្លងមកដែរ ។



dd
Bottom Ad