04/10/23 15:37 PM
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាណាចក្រកម្ពុជា ។
នៅក្នុងជំនួបនេះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត និងសហការី និងបានអរគុណចំពោះលិខិតអបអរសាទរ ក្នុងឱកាសនៃការចូលកាន់ តំណែងជានាយករដ្ឋមន្រ្តីរបស់ សម្តេចធិបតី កាលពីខែសីហា ឆ្នាំ២០២៣ ព្រមទាំងបានអរគុណ លោកជំទាវឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួល និងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋឥណ្ឌា កាលខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌ និងការពារជាតិ ជាដើម។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងផងដែរថា ប្រទេសទាំងពីរនឹងពង្រីកវិសាលភាពបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើការវិនិយោគ, សន្តិសុខអ៉ីនធឺណិត និងវិស័យដទៃទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ស្របពេលដែលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ានៃការអភិវឌ្ឍ ដែលកំពុងរីកលូតលាស់ឥតឈប់ឈរ ។
ជាការឆ្លើយតប តាងនាមរដ្ឋាភិបាល និងប្រជាជនឥណ្ឌា លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ក៏បានចូលរួមអបអរសាទរក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។ ទន្ទឹមគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកវប្បធម៌ និងប្រជាសាស្ត្រ ហើយបច្ចុប្បន្នក៏កំពុងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែង នៅក្នុងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគី ក្នុងពេលបច្ចុប្បន្ន ហើយទៅថ្ងៃអនាគត ក៏នឹងមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ។ នៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរគ្រោងនឹងដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នាចុងខែតុលា ឆ្នាំ២០២៣ ខាងមុខ ដែលការណ៍នេះនឹងជំរុញឱ្យសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត កាន់តែមានសន្ទុះខ្លាំងក្លាឡើង ។ លើសពីនេះ ឥណ្ឌាក៏គ្រោងនឹងពង្រីកវិសាលភាពលើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ដោយទ្បែកចំពោះវិស័យការពារជាតិវិញ ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏មានវឌ្ឍនភាពលូតលាស់គួរឱ្យកត់សម្គាល់ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នា ។
សម្តេចធិបតី និង លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នាក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទៅដល់កងទ័ពជើងទឹក ។ ជារួម លោកជំទាវឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះខ្លាំងទ្បើង ហើយការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក៏កាន់តែរឹងមាំ បន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅកាន់ប្រទេសឥណ្ឌា នាពេលកន្លងមក ។
ក្នុងឱកាសនោះផងដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា ជាថ្មីម្តងទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និទ្ធស្នាល និងឋិតថេរ ៕