05/10/23 11:00 AM
ព័ត៌មានជាសំឡេង
(ខេត្តស្វាយរៀង): លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានធ្វើការសំណូមពរនិងជម្រុញដល់មហាជនទូទៅត្រូវចេះស្រឡាញ់បរិស្ថានស្អាត និងត្រូវចូលរួមថែរក្សាបរិស្ថាននៅក្នុងសហគមន៍ដែលខ្លួនកំពុងរស់នៅ។
លោក សេង សីលា អភិបាលរងខេត្ត បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលអញ្ជើញជាអធិបតី នៅក្នុងទិវាទេសចរណ៍ពិភពលោក ២៧ កញ្ញា លើកទី៤៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង ព្រមទាំងអបអរទិវាពិភពលោកស្អាតលើកទី៦" Tourism and Green Investment and the 6 World cleanup day ! ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅមាត់ច្រកទា្វរព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក-លោកស្រីជាអភិបាលរងក្រុង លោកនាយរងប៉ុស្តិ៍មាត់ច្រកទ្វារព្រំដែនអន្តរជាតិ អស់លោក លោកស្រីជាប្រធានអនុប្រធានស្ថាប័ននានាដែលមានការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជនស.ស.យ.ក ជាច្រើនរូបទៀត។
លោក សេង សីលា អភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថា: សម្រាប់ក្រុងបាវិតនេះគឺយើងទាំងអស់គ្នាត្រូវបំផុសឲ្យមហាជនកុំចោលសំរាមពាសវាលពាក្យកាលត្រូវវេចខ្ចប់កាកសំណល់ដាក់នៅក្នុងធុងសំរាម ដើម្បីងាយស្រួលក្នុងការប្រមូល ហើយសូមយកចិត្តទុកដាក់ចំពោះការបញ្ចេញកាកសំណល់រាវ និងផលប៉ះពាល់ពីសំណល់រាវ ដោយត្រូវរៀបចំរីហ្គែ សម្រាប់ស្តុកកាកសំណល់រាវ និងអាងចម្រោះទឹកកខ្វក់ចេញពីបណ្ដារោងចក្រសហគ្រាសក្រុមហ៊ុនមជ្ឈមណ្ឌលកម្សាន្តផ្សេងៗ ឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ដោយឡែកខេត្តស្វាយរៀង បើនិយាយអំពីសក្តានុពលទេសចរណ៍ជាលក្ខណៈអន្តរជាតិ ជាប្រវត្តិសាស្រ្តនោះ ខេត្តពុំមានអំណោយផលប៉ុន្មានទេប៉ុន្តែខាងផ្នែកឧស្សាហកម្មទេសចរណ៍ខេតស្វាយរៀងបាននិងកំពុងអភិវឌ្ឍន៍ខ្លួនទៅជាបណ្ដាបណ្ដើរ។ ដើម្បីក្លាយទៅជាតំបន់ទាក់ទាញទេសចរសំខាន់ក្នុងចំណោមតំបន់គោលដៅទាក់ទាញទេសចរដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសៗនៅក្រុងបាវិត នាពេលបច្ចុប្បន្នគឺប្រមូលផ្ដុំទៅដោយសំណង់អគារប្រណិត រោងចក្រសហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត ដែលយើងចាត់ទុកថានេះជាសមិទ្ធផលទេសចរ គឺជាមូលដ្ឋានសម្រាប់បម្រើឲ្យភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ។
លោកបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ធ្វើផ្លូវក្រាលកៅស៊ូដាក់ប្រព័ន្ធលូ តបណ្ដាញទឹកស្អាតនិងដាក់អំពូលភ្លើងតាមសួនច្បារភ្លើងស្តុបតាមដងវិថីក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជនក្នុងខេត្ត និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតដែលនឹងត្រៀមលេចរូបរាងឡើងនាពេលខាងមុខដ៏ខ្លី៕
ដោយ:PK