06/10/23 10:11 AM
ព័ត៌មានជាសំឡេង
(ខេត្តស្វាយរៀង): នារសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០២៣ លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រស្រុករមាសហែក ខេត្តស្វាយរៀង ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំបាសាក់VIPសាលាខេត្ត និងមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរនានា លោកអភិបាលស្រុករមាសហែក កងកម្លាំងទាំងបីប្រភេទ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្តលោកមេធាវីតំណាងរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះផងដែរ លោក ម៉ែន អេង ក៏បានធ្វើការជំរុញដល់មន្ត្រីគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ត្រូវសិក្សាទៅលើទិដ្ឋភាពច្បាប់ដើម្បីអនុវត្តទៅ កុំឲ្យខុសនិងនីតិវិធី។ ម្យ៉ាងទៀត ខាងទីចាត់ការអន្តរវិស័យត្រូវពន្លឿនរាល់ឯកសារដែលមានការពាក់ព័ន្ធផ្សេងៗរៀបចំផ្ញើជូនទៅថ្នាក់ជាតិដើម្បីសុំយោបល់ក្នុងការដោះស្រាយ ជាពិសេសគោរពផ្ញើជូនទៅខុទ្ទកាល័យរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ រួមទាំងបងប្អូនក្រុមអ្នកសារព័ត៌មានផងដែរ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ។
គួររំលឹកផងដែរថា នៅពេលកន្លងមកមានប្រជាពលរដ្ឋនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីរដ្ឋចំការព្រៃឈើរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បែបអាណាធិបតេយ្យ នេះបណ្តាលមកពីមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ ដែលលើកយករឿងប្រជាពលរដ្ឋ ៧៨គ្រួសារ មកពាក់ព័ន្ធទៅនឹងដី ៤៧៦ហិកតា ទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ហិកតា តែប៉ុណ្ណោះ។
ជាលទ្ធផល ក្រុមការងារធ្លាប់បានសម្រេចដកបង្គោលដែលត្រូវបានប្រជាពលរដ្ឋមួយចំនួនតូច បានបោះបង្គោលចាប់យកដី និងដាំដំណាំលើដីរបស់ស្ថានីយដាំកូនឈើក្រសាំង ចំនួន៥០ហិកតា និងដកកូនកៅស៊ូបានចំនួន ២៥០ដើមរួចរាល់ផងដែរ ក្រោយពីរដ្ឋបាលខេត្តធ្លាប់បានធ្វើការណែនាំ និងផ្សព្វផ្សាយច្បាប់អំពីការកាន់កាប់ និងអាស្រ័យផលលើដីព្រៃរបស់រដ្ឋរួចហើយ៕ ដោយ:PK