11/10/23 16:21 PM
ព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រីអភិបាលស្រុក នាំយកស្រូវពូជចែកជូនប្រជាកសិករចំនួន៧ឃុំ ក្នុងស្រុកឆ្លូង ចំនួន៤០០គ្រួសារ មានផ្ទៃដីសរុបស្មើនឹង៣៣២ហិកតា ដែលទទួលរងការខូចខាតពីគ្រោះទឹកជំនន់ ហើយមានលទ្ធភាពស្តារឡើងវិញ ត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវពូជស្រូវចំនួន៤០តោន ជូនពួកគាត់ទៅតាមទំហំដីដែលពួកគាត់មាន ។
ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនូវគ្រប់កាលៈទេសៈ តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះតាមដានអំពីស្ថានភាពទឹកជំនន់ និងស្ថានភាពរស់នៅរបស់បងប្អូនផ្ទាល់ ដើម្បីជួយដោះស្រាយនូវរាល់ទុក្ខលំបាក តម្រូវការខ្វះខាត និងបញ្ហប្រឈមនានា បានទាន់ពេវេលា ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ ។ នេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្ដម ក៏បានជំរុញបងប្អូនប្រជាកសិករ ត្រូវអនុវត្តតាមការបង្ហាត់បង្រៀននិងបច្ចេកទេសដាំដុះពូជស្រូវពីមន្រ្តីជំនាញ និងត្រូវពិនិត្យមើលប្រភពទឹករក្សាទឹកសម្រាប់ផ្គត់ផ្គង់ស្រូវឲ្យបានគ្រប់គ្រាន់ និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្រៅពីការស្ដារឡើងវិញនៅដំណាំស្រូវ គឺត្រូវដាំដំណាំរួមផ្សំបន្ថែមនៅលើផ្ទៃដីក្បែរៗភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិដែលមានស្រាបនៅក្នុងភូមិ ដែលវាជាការរួមចំណែកបង្កើនជីវភាពរបស់ខ្លួន និងដើម្បីកាត់បន្ថយការចំណាយ ទៅទិញរបស់ទីផ្សារដែលសង្ស័យថាមានជាតិគីមីទៀតផង ៕