11/10/23 16:31 PM
ព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តបទុមមុនីវណ្ណារាម ហៅវត្តរកាកណ្ដាល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈដើម្បីបុព្វហេតុជាតិមាតុភូមិទៅកាន់លោកខាងមុខ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៤រោច ដែលមាន រយៈ ពេល១៤ថ្ងៃ ហៅថាបុណ្យកាន់បិណ្ឌ នៅថៃ្ង១៥រោច គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធហើយ បានទៅកាន់សុគតិភព។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ជាការពិតវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់នៅក្រោយថ្ងៃ រំដោះ ៧មករា ១៩៧៩ ដែលយើងបានរៀបចំអោយមាន ឡើងវិញនូវវត្តអារាម មានព្រះសង្ឃគង់នៅដឹកនាំវត្ត ដឹកនាំ ពុទ្ធបរិស័ទ ក្នុងការស្តារវិស័យព្រះពុទ្ធសាសនាឡើងវិញ ក្នុងនោះ វិស័យមួយនេះទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោម ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។
ក្នុងឱកាសកាន់បិណ្ឌវេនទី១២នេះ ឯកឧត្តម លោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្តសូមថ្វាយ និងប្រគេននូវគ្រឿងឧបភោគ បរិភោគ ទេយ្យទានភេសជ្ជៈ និងបច្ច័យចំនួន ៣លាន៥០ម៉ឺនរៀល ដល់ព្រះចៅអធិការវត្តរកាកណ្ដាល សំរាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃនិង កសាង នៅសមិទ្ធិផលនានាក្នុងទីវត្តអារាមកាន់តែរីកចម្រើន ៕