អភិបាលខេត្តប៉ៃលិន នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិន នាឱកាសបិណ្ឌវេនទី១២


ត្រលប់ក្រោយ

12/10/23 14:25 PM

ចំនួនទស្សនា៖

275

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី១២ ចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិន ទី១-វត្តរតនសោភ័ណ «ហៅវត្តកោងកាង» ទី២-វត្តសន្តិមារាម «ហៅវត្តអូរច្រា» និងទី៣-វត្តបេងសុវណ្ណារាម «ហៅវត្តបេង» ។


លោកជំទាវ បានមានប្រសាសន៍លើកឡើងថា៖ វិស័យព្រះពុទ្ធសាសនាត្រូវបានស្តារ និងអភិវឌ្ឍឡើងវិញយ៉ាងឆាប់រហ័សទាំងបរិមាណ និងគុណភាព ហើយកំពុងក្លាយជាកម្លាំងស្នូល នៃសុខដុមនីយកម្ម រវាងអ្នកកាន់ព្រះពុទ្ធសាសនា ជាមួយអ្នកកាន់ជំនឿ និងសាសនាផ្សេងៗទៀតដែលកំពុងមានវត្តមាននៅកម្ពុជាបច្ចុប្បន្ន ក្នុងនោះព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ដែលជាទីពឹង ដើម្បីស្វែងរកសេចក្តីសុខ សេចក្តីចម្រើនទាំងក្នុងបច្ចុប្បន្នជាតិ និងក្នុងអនាគតជាតិ។


លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តអនុវត្តខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ជាពិសេសទប់ស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើងបែកចែករវាងប្រជាជន និងប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដើម្បីសំដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីមួយដ៏ខ្លាំងក្លាក្នុងការការពារសុខសន្តិភាព ការឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចផងដែរ ។


នៅក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះមានភ្លៀងធ្លាក់ច្រើន ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ ។



dd
Bottom Ad