លោកជំទាវ ម៉ែន នារីសោភ័គ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍”


ត្រលប់ក្រោយ

19/10/23 15:56 PM

ចំនួនទស្សនា៖

325

ប្រភព៖

បាត់ដំបង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៣ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍» ដែលរៀបចំឡើងដោយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅទីរួមស្រុកបាណន់ ខេត្តបាត់ដំបង។


ក្នុងឱកាសនោះដែរ បន្ទាប់ពីឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឡើងសម្តែងនូវគារវភក្តីចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន យកទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពលំបាក ទីទ័លក្រ និងបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗរួចមក លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា៖ «ការប្រារព្ធទិវាជាតិរួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ គឺជា ការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា, និយាយជារួម, និងនិយាយដោយឡែក, សម្រាប់កាកបាទក្រហមកម្ពុជា គឺជាការអនុវត្តសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។»


ហើយលោកជំទាវ បានពាំនាំនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ គណៈអភិបាលខេត្ត គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយហានិភ័យ, ការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ រួមជាមួយការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹង និងបំផុសការគាំទ្រពីផ្នែកឯកជន, ដៃគូអភិវឌ្ឍ, សង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅ ចាប់ពីបុគ្គលម្នាក់ គ្រួសារមួយ សហគមន៍មួយ ឱ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការអនុវត្តវិធានការនានា ដែលនឹងកាត់បន្ថយគ្រោះមហន្តរាយ, ជួយបញ្ចៀសបាននូវការបាត់បង់អាយុជីវិត,ការខូចខាតទ្រព្យសម្បត្តិ,ព្រមទាំងចូលរួមក្នុងការការពារបរិស្ថាននិងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។


ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ថា ៖ «ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងពិភពលោក បច្ចុប្បន្ននេះ បាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ-១៩, ពីជំងឺឆ្លងរាតត្បាតផ្សេងៗ, និងពីសង្គ្រាម និងជម្លោះនៅតាមតំបន់មួយចំនួន ជាក់ស្តែងសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន ហើយថ្មីៗបំផុតនេះ ការវាយប្រហាររបស់ក្រុមហាម៉ាស់ មកលើអ៊ីស្រាអែល។

ល។ លើសពីនេះទៅទៀត, ការប្រែប្រួលអាកាសធាតុ បានបន្តជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថានពិភពលោកទាំងមូល និងបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ កើតមានកាន់តែញឹកញាប់ជាងមុន កាន់តែរងគ្រោះធ្ងន់ធ្ងរខ្លាំងជាងមុន និងបានធ្វើឱ្យបាត់បង់អាយុជីវិត, បង្កវិនាសកម្ម, ខូចខាតទ្រព្យសម្បត្តិ, ខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានធ្វើឱ្យ សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសជាច្រើនត្រូវធ្លាក់ទៅក្នុងវិបត្តិផងដែរ។


ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងក៏មិនខុសពីបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកដែរ, ការប្រែប្រួលអាកាសធាតុ បាននិងកំពុងបង្កឱ្យមានគ្រោះទឹកជំនន់, ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់, គ្រោះរាំងស្ងួត, ការបាក់ដី, ការកើនកម្ពស់ទឹកសមុទ្រ, ការកើនកំដៅ ។ល។ ដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ, ហេដ្ឋារចនាសម្ព័ន្ធ, និងមានផលប៉ះពាល់ទៅលើព្រៃឈើ/ជីវៈចម្រុះ, ដំណាំកសិកម្ម, ជីវភាពរស់នៅ និងបង្កបញ្ហាដល់សុខភាពសាធារណៈរបស់ប្រជាជន ហើយក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងផលប៉ះពាល់ទាំងអស់នេះ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល តែងតែប្រើប្រាស់មធ្យោបាយសរុប ធនធានសរុប ជាក់ស្តែងការដោះស្រាយគ្រោះទឹកជំនន់នៅក្នុងខេត្តបាត់ដំបងនេះជាដើម។



dd
Bottom Ad