20/10/23 08:52 AM
បន្ទាយមានជ័យ៖ ដើម្បីឱ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាកាន់ល្អប្រសើរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន៣រួមមាន ១-យុទ្ធនាការដោះស្រាយក្រៅប្រពន្ធតុលាការ និងផ្សះផ្សារវិវាទ, ២-យុទ្ធនាការជំរុញ និងពន្លឿន ដោះស្រាយសំណុំរឿងនៅតុលាការឱ្យបានឆាប់, ៣- យុទ្ធនាការត្រួត និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលា ដើម្បីលើកកម្ពស់ សុច្ចរិកភាព តម្លាភាព គុណភាព និងយុត្តិធម៌ ជាពិសេសជំនឿទុកចិត្តលើការអនុវត្តច្បាប់របស់ប្រព័ន្ធតុលាការ ពីសំណាក់មន្រ្តីអនុវត្តច្បាប់ និងពីសំណាក់តុលាការ។
នេះបើតាមការប្រសាសន៍លើកឡើងរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកក្រសួងយុត្តិធម៌ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែង លោក សេង លាង ជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ជំនួសលោក ងួន ណារ៉ា ដែលត្រូវទៅបំពេញភារកិច្ចថ្មី ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោក កើត រិទ្ធ បន្តថា យុទ្ធនាការទាំង៣ គឺជាទិសដៅដ៏មុតស្រុចដែលក្រសួងត្រូវអនុវត្ត ហើយដើម្បីចូលរួមអនុវត្តធានាបានជោគជ័យ ទី១-ត្រូវមានការយល់ទាំងអស់គ្នា ឯកភាពលើទស្សនៈ និងកិច្ចការងារដែលយើងត្រូវធ្វើ, ២-ត្រូវមានឯកភាពគ្នាផ្ទៃក្នុង ក្នុងចំណោមន្ត្រីអនុវត្តច្បាប់ ដើម្បីបោះជំហានរកភាពជោគជ័យ។ យុទ្ធនាការទាំង៣នេះ គឺជាកិច្ចការកែទម្រងរបស់ប្រព័ន្ធដោះស្រាយវិវាទរបស់កម្ពុជាយើង គឺជាកិច្ចការកែទម្រងប្រព័ន្ធយុត្តិធម៌។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ថា " បើយើងយកយុទ្ធនាការទាំង៣នេះមកមើលយើងនឹងឃើញសសរស្ដម្ភ សម្រាប់កែទម្រងវិស័យយុត្តិធម៌ ដោយផ្តោសលើ សសរស្តម្ភធំចំនួន២ ទី១-ដៃម្ខាងការខិតខំដាក់ចេញនូវវិធានការ ដើម្បីកែលម្អប្រព័ន្ធតុលាការឱ្យបានកាន់តែល្អប្រសើរ, ទី២ ខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕ ណុប-រក្សា