សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានចុះចែកអំណោយជូនប្រជាពលរដ្ឋចំនួន ២៤២ គ្រួសាររងផលប៉ះពាល់ទឹកជំនន់ នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី


ត្រលប់ក្រោយ

20/10/23 09:14 AM

ចំនួនទស្សនា៖

207

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ដោយពិនិត្យមើលឃើញជាក់ស្ដែង និងជួបការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់លិចផ្ទះសំបែងដោយទឹកជំនន់នោះ នារសៀលថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៣ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះទៅសួរសុខទុក្ខគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន២៤២គ្រួសារ ដែលមកពីឃុំបត់ត្រង់ ស្រុកមង្គលបូរី ចំនួន១០១គ្រួសារ សង្កាត់អូរអំបិលចំនួន៥០គ្រួសារ និងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណចំនួន៩១គ្រួសារ។


ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគឹតគួរពីសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។


ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា រាល់អំណោយមនុស្សធម៌ដែលបានយកមកផ្ដល់ជូនបងប្អូននាថ្ងៃនេះ គឺជាការជួយរំលែកផ្នែកជីវភាពរបស់បងប្អូនខ្វះខាត រងផលប៉ះពាល់ដោយទឹកជំនន់នាឆ្នាំនេះ និងក៏សូមចូលរួមសោកស្ដាយចំពោះការលិចលង់ផលដំណាំផ្សេងៗ។


ជាថ្មីម្តងទៀតឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់បងប្អូនដែលរងគ្រោះសូមបង្កើនការប្រុងប្រយ័ត្ន ចំពោះក្មេងតូចៗកុំចុះលេងទឹក ដែលនាំឲ្យបាត់បង់ជីវិត ព្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះករណីក្មេងលង់ទឹកស្លាប់នៅស្រុកអូរជ្រៅ និងស្រុកមង្គលបូរីមានជាបន្តបន្ទាប់។


ជាចុងក្រោយឯកឧត្តមប្រធាន សូមផ្តាំផ្ញើដល់បងប្អូនប្រុងប្រយ័ត្នចំពោះសត្វអស្សេរពិសទាំងអស់គ្នា និងពេលរដូវទឹកសម្រកត្រូវចេះសម្អាតបរិស្ថានជុំវិញផ្ទះ ដើម្បីសុខភាពបងប្អូនគ្រប់ៗគ្នា។


សូមបញ្ជាក់ថា អំណោយដែលសាខានាំមកនូវថ្ងៃនេះសម្រាប់មួយគ្រួសារៗទទួលបាន÷ អង្ករ១៥គីឡូក្រាម, មីជាតិ១កេស, ត្រីខ១យួរ និងទឹកត្រី១យួរ៕



dd
Bottom Ad