25/10/23 13:05 PM
(ស្វាយរៀង): ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីចុះអង្កេត និងចាត់វិធានការចំពោះមេខ្យល់-ឆបោក ប្រាក់ប្រជាពលរដ្ឋជាច្រើននាក់ ដើម្បីជាថ្នូរនឹងការធានារត់ការចូលធ្វើការតាមរោងចក្រក្នុងខេត្តស្វាយរៀង ដែរកិច្ចប្រជុំនេះធ្វើនៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត។
លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបានឲ្យដឹងថា: ដើម្បីឲ្យកិច្ចការទាំងអស់នេះទទួលបានលទ្ធផលផ្លែផ្កានោះមន្ទីរការងារ ស្នើសុំបង្កើតឲ្យមានវេទិកាឯកជននិងរដ្ឋក្នុង១ត្រីមាសម្តង ដោយអញ្ជើញមន្ទីរដែលមានការពាក់ព័ន្ធទាំងអស់លើកពីផលលំបាកទាំងនិយោជិកនិងនិយោជក់ ដើម្បីរកដំណោះស្រាយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនីមួយៗទូទាំងខេត្តស្វាយរៀង។ ក្រៅពីកិច្ចការខាងលើនេះ យើងត្រូវបង្កើតកម្មវិធីធ្វើទស្សន:កិច្ចនៅក្រៅប្រទេស ដើម្បីបានបទពិសោធន៍យកមកអនុវត្តនៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស និងបណ្តារោងចក្រក្នុងខេត្ត។
ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីបម្រេីប្រជាពលរដ្ឋ ត្រូវធ្វេីយ៉ាងណាដេីម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត ប្រជាពលរដ្ឋជឿជាក់លេីមន្ត្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសបងប្អូនកូនក្មួយដែលកំពុងធ្វេីការងារ ប្រកបមុខរបរ ជាកម្មករ កម្មការិនីរោងចក្រ ដែលស្ថិតក្នុងខេត្តស្វាយរៀង។ ឯកឧត្តមបន្តថា ទាំងអភិបាលខេត្តចាស់ និងអភិបាលខេត្តថ្មី លោកបានយកចិត្តទុកដាក់ខ្ពស់ក្នុងការមេីលទៅលេីសកម្មភាពរបស់បងប្អូនកម្មករ កម្មការិនីដែលបានប្រកបកិច្ចការជាប្រចាំ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា: គ្រប់តំបន់រោងចក្រទាំងអស់ក្នុងខេត្តស្វាយរៀង ពេលជ្រេីសរេីសបុគ្គលិក កម្មករ កម្មការិនីរោងចក្រ ត្រូវផ្តល់ដំណឹងដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ដេីម្បីបានដឹងពីចំនួនជាក់ស្តែង នៃការជ្រេីសរេីស។ ហើយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត និងមន្ត្រីដែលពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់អាជ្ញាធរស្រុក នាពេលកន្លងមកបានខិតខំប្រឹងប្រែងធ្វេីយ៉ាងណាដេីម្បីឱ្យកម្មករ កម្មការិនីទទួលបានទំនុបចិត្តខ្ពស់ និងមានភាពងាយស្រួលក្នុងការប្រកបមុខរបរការងារ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកមេធាវីប្រចាំរដ្ឋបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៨ លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត និងមន្ត្រីដែរពាក់ព័ន្ធជាច្រើនអ្នក៕ ដោយ:PK