គណៈប្រតិភូសភាកម្ពុជាអញ្ជើញឡេីងថ្លែងក្នុងកិច្ចពិភាក្សាទូទៅ​ ក្រោមមូលបទ “សកម្មភាពសភាដើម្បីសន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ” ក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៧ (IPU147) នៅប្រទេសអង់ហ្គោឡា


ត្រលប់ក្រោយ

26/10/23 08:56 AM

ចំនួនទស្សនា៖

262

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈប្រតិភូអមដោយ ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ រដ្ឋសភា ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ រដ្ឋសភា លោកជំទាវ កុប ម៉ារីយ៉ាស សមាជិកាគណៈកម្មការទី៥ រដ្ឋសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា រួមនឹងមន្រ្តីជំនាញ បានបន្តអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៧(IPU147) នៅប្រទេសអង់ហ្គោឡា។


ក្នុងឱកាសនោះ​ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញឡេីងថ្លែងក្នុងកិច្ចពិភាក្សាទូទៅ (General Debate) ក្រោមមូលបទ “សកម្មភាពសភាដើម្បីសន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ” ។ ឯកឧត្តមប្រធានគណៈប្រតិភូបានជម្រាបជូនអង្គសន្និបាតអំពីការសម្រេចបាននូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ការគោរពលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា តាមរយៈការបោះឆ្នោតប្រកបដោយ តម្លាភាព យុត្តិធម៌ ភាពត្រឹមត្រូវ និងគ្មានអំពើហិង្សាយ៉ាងទៀងទាត់ទៅតាមច្បាប់។


ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជាក៏បានអំពាវនាវឱ្យប្រទេសមហាអំណាច និងប្រទេសអភិវឌ្ឍន៍ធំៗ បង្កើនធនធាន និងការប្តេជ្ញារបស់ខ្លួនទ្វេដង ដើម្បីជួយជ្រោមជ្រែងកិច្ចប្រឹងប្រែងសកលឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពចំណុចទី១៦ (SDG16) សម្រាប់ជាប្រយោជន៍រួមរបស់ប្រជាជនទាំងអស់នៅក្នុងពិភពលោក។


នៅថ្ងៃដដែល គណៈប្រតិភូក៏បានអញ្ជើញចូលរួមកិច្ចប្រជុំបណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (NAM) កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កិច្ចប្រជុំគណៈកម្មាធិការស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការអង្គការសហប្រជាជាតិ និងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក (ASGP)៕



dd
Bottom Ad