26/10/23 09:35 AM
ព័ត៌មានជាសំឡេង
(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ នៅអគារ ស៊ីធីហល មជ្ឈមណ្ឌលសន្និបាតកោះពេជ្ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបិទ "វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា - Cambodia Bird's Nest Business Forum" និងបើក "កម្មវិធីរាត្រីស្រមោសរត្រចៀកកាំកម្ពុជា ឆ្នាំ២០២៣" ដែលរៀបចំដោយសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា។
ថ្លែងក្នុងសុន្ទរកថា លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំ "វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា" នេះឡើងដែលជាការផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងការកសាងទំនាក់ទំនង និងពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យត្រចៀកកាំប្រកបដោយទំនុកចិត្ត និងបង្កលក្ខណៈឱ្យមានការផ្លាស់ប្តូរយោបល់ក្នុងការពង្រឹងវិស័យជួញដូរសំបុកត្រចៀកកាំនេះឡើងមួយកំរិតទៀត។
លោកជំទាវរដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្ត ដល់សមាគមអ្នកផលិត អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំបុកត្រចៀកកាំកម្ពុជា បន្តសហការនិងចាប់ដៃគ្នាជាមួយពាណិជ្ជករផ្គត់ផ្គង់សំបុកត្រចៀកកាំធំៗដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីបន្តពង្រឹងគុណភាព បង្កើនបរិមាណផលិត ការធានាបាននូវសិ្ថរភាពនៃការផ្តត់ផ្តង់ និងការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវនានាសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា វេទិកានេះមានការចូលរួមពីសមាគមត្រចៀកកាំមកពីប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និងចិន ក្នុងគោលបំណងជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា ដោយផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងវិស័យសំបុកត្រចៀកកាំ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ស្វែងរកដៃគូអាជីវកម្ម និងបង្កើនការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈវេទិកាធុរកិច្ចដ៏សំខាន់នេះ។