អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យមើលការកាយផ្ដាច់ផ្លូវចំនួន៣កន្លែង នៅក្នុងទីតាំងដីព្រៃស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃក្រសាំង នៅក្នុងស្រុករមាសហែក


ត្រលប់ក្រោយ

27/10/23 08:55 AM

ចំនួនទស្សនា៖

308

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ស្វាយរៀង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ មើលការកាយផ្ដាច់ផ្លូវចំនួន៣កន្លែង នៅក្នុងទីតាំងដីព្រៃស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃក្រសាំង នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង និងមានការចូលរួមពី លោក ហម ហឿន អភិបាលរងស្រុក។


លោក ម៉ែន អេង បានមានប្រសាសន៍ថា រាល់សកម្មភាពទាំងឡាយដែលក្រុមហ៊ុនធ្វើត្រូវមានការរាយការណ៍ ឬប្រឹក្សាជាមួយអាជ្ញាធរឃុំ-ស្រុក ដើម្បីឱ្យអាជ្ញាធរស្រុកបានដឹងឭ និងមានវិធានការបន្ត ដែលជាចំណែកមួយដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ និងប្រកបមុខរបរបានជាប្រចាំ។


អភិបាលរងខេត្ត ក៏បានបន្តទៀតថា ខាងក្រុមហ៊ុនត្រូវមានការជជែកឬប្រឹក្សាយោបល់ជាមួយរដ្ឋបាលស្រុករមាសហែក ដើម្បីស្វែងរកដំណោះស្រាយ គឺមិនមែនធ្វើឡើងដោយការសម្រេចចិត្តតែម្ខាងដូច្នេះទេ ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបរជាប្រចាំរបស់គាត់។


លោកក៏បានបន្ថែមទៀតថា ខាងក្រុមហ៊ុនត្រូវធ្វើផ្លូវមួយថ្មីទៀត(នៅលើផ្លូវចាស់) ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ហើយខាងតំណាងក្រុមហ៊ុនក៏បានសហការណ៍ជាមួយរដ្ឋបាលស្រុក ក្នុងការសាងសង់ផ្លូវមួយខ្សែ(នៅលើផ្លូវចាស់) ជូនប្រជាពលរដ្ឋបានដោយរលូនផងដែរ៕

ដោយ:PK



dd
Bottom Ad