វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងឆ្នាំ២០២៣ នៅសាលាសង្កាត់ព្រៃអង្គុញ ក្រុងបាវិត


ត្រលប់ក្រោយ

01/11/23 14:44 PM

ចំនួនទស្សនា៖

239

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃទី០១ វិច្ឆិកា ២០២៣ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន អេង អភិបាលរងខេត្ត បានអញ្ជើញជាគណៈអធិបតីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងឆ្នាំ២០២៣ នៅសាលាសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។


ថ្លែងក្នុងវេទិការនេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានមានប្រសាសន៍ថា៖ វេទិកានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដែលបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


ជាមួយគ្នានេះផងដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់បន្ថែមថា៖ រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។


លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា៖ តាមរយ:វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់មានសិទ្ធស្មើគ្នា ក្នុងការចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន ហើយថែមទាំងអាចលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានា ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនមកកាន់អាជ្ញាធរ ក៏ដូចជាក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដើម្បីធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។


សូមបញ្ជាក់ថា៖ ក្នុងវេទិកានៅថ្ងៃនេះទទួលបានសំណើរសំណូមពរចំនួន១៨ ដែលបញ្ហាទាំងនេះត្រូវបាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្តធ្វើការឡើងបកស្រាយបំភ្លឺ និងទទួលយក និងបានជំរុញឱ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវពន្លឿនក្នុងការដោះស្រាយ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ៕ ដោយ:PK



dd
Bottom Ad