ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ ឯ.ក


ត្រលប់ក្រោយ

02/11/23 11:07 AM

ចំនួនទស្សនា៖

269

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុង ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ ឯ.ក នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលធ្វើនៅសាលប្រជុំ នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ខេត្តស្វាយរៀង។


លោក មុត ចិន្ដា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានអោយដឹងថា វិទ្យាស្ថានបានបណ្តុះបណ្តាលជំនាញបច្ចេកទេសចាប់ពីកម្រិត វិញ្ញាបនបត្រ រហូតដល់កម្រិតវិស្វករ បរិញ្ញាបត្របច្ចេកវិទ្យា លើជំនាញជាច្រើនដូចជា អគ្គិសនី អេឡិចត្រូនិក មេកាដូនិក មេកានិកឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ មេកានិករថយន្ត បរិក្ខារត្រជាក់ ផ្សារអគ្គិសនី ប្រព័ន្ធបញ្ហាម៉ូទ័រ គណនេយ្យ និងមានជំនាញជាច្រើនទៀត ស្របតាមតម្រូវការទីផ្សារ។


លោកបានបន្តថា បច្ចុប្បន្ន សិស្ស-និស្សិត កំពុងសិក្សាសរុបចំនួន ១,៣២៨នាក់ ស្រីចំនួន៣៨៥នាក់ ជារៀងរាល់ឆ្នាំមានសិស្ស និស្សិតចុះឈ្មោះចូលរៀន និងបញ្ចប់ការសិក្សាប្រមាណ ១,០០០នាក់ (ចាប់ពីកម្រិតវិញ្ញាបនបត្រ ដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា)។ ដោយឡែកឆ្នាំសិក្សាថ្មីនេះ តទៅ វិទ្យាស្ថាននឹងធ្វើការជ្រើសរើសសិស្ស និស្សិតចូលរៀន ប្រមាណ ២,០០០នាក់ ដើម្បីបំពេញនូវ តម្រូវការក្នុងទីផ្សារ និងស្របតាមហេដ្ឋារចនាសម្ព័ន្ធដែលបានសាង់សង់រួចជាស្រេច។


លោកក៏បានបញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន និង ក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ ឯ.ក នឹងចូលរួមជាមួយគ្នាក្នុងការបំប៉ន សមត្ថភាពគ្រូបន្ថែម ការបំប៉នសមត្ថភាពសិស្ស និស្សិត ការបន្តទទួលសិស្ស ចុះកម្មសិក្សា និងការងារ ការបណ្តុះបណ្តាល បំប៉នសមត្ថភាពកម្មករ បុគ្គលិក ក្រុមហ៊ុនហ្សា ហួយ ហ្វីលធ័រ និងកិច្ចសហការតាមរូបភាពផ្សេងទៀត ក្នុងករណីមានតម្រូវការចាំបាច់។


មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិត តូច ប៉ូលីវ៉ា បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានកំណត់អាទិភាព មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ទាំងនេះបានបង្ហាញឱ្យឃើញច្បាស់អំពីការគិតគូររបស់ថ្នាក់ដឹកនាំប្រទេស អំពីភាពរីកចម្រើន ត្រូវពឹងផ្អែកលើធនធានមនុស្ស និងបច្ចេកវិទ្យា ។


លោកបណ្ឌិតបានបន្តថា ការចុះអនុស្សរណៈរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវហ៊ួយហ្វីលធ័រ គឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលវិស័យឯកជន និងវិស័យសាធារណៈ បានធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ក្នុងន័យលើកកម្ពស់ផលិតភាពការងារ និងការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយក្នុងគោលបំណងរួមនៃការចុះអនុស្សរណៈយោគយល់គ្នានាថ្ងៃនេះ ដើម្បីបង្កើនឱកាសសម្រាប់សិស្សនិស្សិត វិទ្យាស្ថានចុះកម្មសិក្សា និងទទួលបានការងារ ស្របតាមជំនាញនិងចំណេះដឹងរបស់ខ្លួននិងផ្តល់ឱកាសឱ្យសិស្សនិស្សិតចុះទស្សនកិច្ចសិក្សា និងពង្រឹងសមត្ថភាពគ្រូរបស់វិទ្យាស្ថានតាមរយៈការចុះហាត់ការជាមួយអ្នកជំនាញមកពីបរទេសនៅក្នុងរោងចក្រ (Returned to Industry Scheme (RIS), ព្រមទាំងបណ្តុះបណ្តាលបុគ្កលិក អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន តាមរយៈការពង្រឹងជំនាញបន្ថែម Work based Learning (WBL) ការបណ្តុះបណ្តាលជំនាញថ្មី (Reskilling) ថែមទាំងផ្តល់អាហារូបករណ៍សិក្សាដល់និស្សិត (វិភាគទានរបស់ក្រុមហ៊ុន) ពង្រឹងកែលម្អកម្មវិធីសិក្សា បង្កើនកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ផងដែរ ។


ក្នុងពិធីនេះមានការចូលរួមពី ៖ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលជីវៈខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានមន្ទីរព៌តមានខេត្ត ក្រុមការងារក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ លោកគ្រូ-អ្នកគ្រូ សិក្សានុសិស្ស និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

ដោយ:PK



dd
Bottom Ad