08/11/23 10:49 AM
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីសំខាន់ៗ ដូចជា ៖ ដឹកនាំគាំទ្រ និងសម្របសម្រួល ការអនុវត្តការងារកែទម្រង់ រដ្ឋបាលសាធារណៈ, រៀបចំ និងអនុវត្តកម្មវិធីជាតិកែទម្រង់ រដ្ឋបាល សាធារណៈផ្អែក លើគោលនយោបាយរបស់រាជរដ្ឋាភិបាល, គាំទ្រដល់ការអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ, រៀបចំកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកម្មវិធី កែទម្រង់ ដទៃទៀតរបស់រាជរដ្ឋាភិបាល។ គណៈកម្មាធិការនេះ ក៏មានតួនាទីលើកសំណើជូនរាជរដ្ឋាភិបាល អនុម័ត លើគោលនយោបាយ កម្មវិធី យុទ្ធសាស្ត្រ និងផែនការសកម្មភាពបម្រើឱ្យការកែទម្រង់ រដ្ឋបាលសាធារណៈជាដើម។
ក្នុងនីតិកាលថ្មីនេះ ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ រាជរដ្ឋាភិបាល បានសម្រេចរៀបចំព្រះរាជក្រឹត្យថ្មីស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ មានចំនួន ២១មាត្រា។ ព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ កែទម្រង់ រដ្ឋបាល សាធារណៈ ដែលកែសម្រួលថ្មីនេះ ត្រូវបាន ព្រះរាជមហាក្ស ត្រត្រាស់បង្គាប់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣៕