08/11/23 13:35 PM
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីត្រៀមលក្ខណសម្បត្តិធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃឆ្នាំ២០១៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានមានប្រសាសន៍ស្វាគមន៍ដល់អង្គប្រជុំទាំងមូល ព្រមទាំងបានជម្រាបអំពីសាវតារការងារ ក្របខ័ណ្ឌកិច្ចព្រមព្រៀង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងការប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកឡើងនូវតួលេខនៃពលរដ្ឋថៃកាន់ប័ណ្ណព្រំដែនធ្វើដំណើរឆ្លងដែនចូលមកកម្ពុជា រយៈពេល៩ខែ ដើមឆ្នាំ២០២៣ ដែលសុទ្ធសឹងតែជាអ្នកបើកបររថយន្តនិងបុគ្គលិកកាស៊ីណូ ដែលធ្វើដំណើរចេញ-ចូលប្រចាំថ្ងៃ។ ដោយឡែកពលរដ្ឋខ្មែរដែលកាន់ប័ណ្ណឆ្លងដែនឆ្លងចូលទៅប្រទេសថៃ សុទ្ធសឹងជាអាជីវករដែលប្រកបរបលក់ដូរប្រចាំថ្ងៃនៅតាមតំបន់ព្រំដែន។
កិច្ចប្រជុំនាពេលនេះ មានគោលបំណង ដើម្បីពិនិត្យលើការអនុវត្តកិច្ចព្រមព្រៀងស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០១៥ ដើម្បីស្វែងរកលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការចេញ-ចូល សម្រាប់ភ្ញៀវទេសចរថៃដែលកាន់ប័ណ្ណព្រំដែនចូលមកប្រទេសកម្ពុជាដល់ខេត្តសៀមរាប មកកម្សាន្ត និងស្នាក់នៅប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនជាងមុន។ ទន្ទឹមនេះ យើងកំពុងស្វែងរកលទ្ធភាពស្នើភាគីថៃបើកទូលាយដល់ប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនអាចធ្វើដំណើរដល់គោលដៅទេសចរណ៍ណាមួយ ស្របតាមស្មារតីបដិការ ស្មើភាព ទៅវិញទៅមក។
នៅទីបញ្ចប់ ឯកឧត្តមអគ្គនាយកបានធ្វើការវាយតម្លៃនិងកោតសរសើរខ្ពស់ដល់អង្គប្រជុំ ដែលបានធ្វើការជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដែលជាធាតុចូលដ៏សំខាន់ សម្រាប់ក្រុមការងារត្រៀមធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃឆ្នាំ២០១៥នេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ល្អប្រសើរជាងមុន និងឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋបានកាន់តែប្រសើរថែមទៀត៕