08/11/23 13:54 PM
ព័ត៌មានជាសំឡេង
ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ ជំរុញដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អង្គភាពពាក់ព័ន្ធ ទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណាដើម្បីឲ្យការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អសើរស្របតាមយុទ្ធសាស្រ្តចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ការលើកឡើងនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី ០៧ ខែវិច្ជិកា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។
នៅក្នុងកិច្ចប្រជុំនោះដែរមន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក កងកម្លាំងទាំងបី បានលើកឡើងអំពីផែនការសកម្មភាពរបស់ខ្លួនដែលអនុវត្តកន្លងមក ដើម្បីបង្ហាញអំពី លទ្ធផលដែលខ្លួនបានអនុវត្តមកនោះជូនគណៈអធិបតីដើម្បីធ្វើការពិនិត្យ និងដាក់ផែនការសកម្មភាពបន្ថែមទៀតដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងទាំងបី អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តបន្តរទៀត។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ ជំរុញ និងណែនាំដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំអនុវត្តការងាររបស់ខ្លួន រៀងៗខ្លួនធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ ដែលជាផលប្រយោជន៍រួម ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវពង្រឹងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយសុវត្ថិភាពខ្ពស់។
ក្នុងឱកាសនោះផងដែរឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភ នៅស្រាបៀរ និងទឹកក្រូច ព្រមទាំងថវិកាមួយចំនួនដល់ក្រុមការងារគណៈកម្មាធិការ អនុគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង កាលពីកន្លងទៅថ្មីៗប្រកបដោយភាពជោគជ័យនិងទទួលបានលទ្ធផលគួជាទីមោទន និងប្រកបដោយភាពសប្បាយរីករាយ៕